ដឹងតែឆ្ងាញ់! របៀបធ្វើ យ៉ា​ហន

211

ធ្លាប់បានធ្វើញុាំឬនៅ? យ៉ាហន​គឺជាមុខ​ម្ហូប​មួយ​មុខ​ដែល​មានរស​ជាតិ​ឆ្ងាញ់​ជាប់ចិត្ត​ដែលគេ​តែងតែ​ធ្វើតាម​ពិធីធំៗ ឬ​ពេល​ជួប​ជុំគ្រួសារដើម្បី​ទទួល​ទាន ចង់​ដឹង​ថារបៀប​ធ្វើ​យ៉ាង​ណានោះតោះ​ទៅមើល​ខាងក្រោមទាំងអស់គ្នា

គ្រឿងផ្សំ៖ ខ្ទិះដូង ( ខ្ទិះ​ដើម ) ម្ទេស​ក្រៀម ចិញ្ច្រាំ​អោយ​ម៉ត់ ( ចង់បាន​សម្លរ​ក្រហម​ល្អ ដាក់អោយ​ច្រើន​បន្តិច ) កាពិ ( ដាក់​ក៍បាន មិន​ដាក់​ក៍បាន តាម​ការចូល​ចិត្ត ) គ្រឿង​សា​តេប្រេង​អូ​លីវ ស្ករត្នោត ម្សៅ​ស៊ុប អំបិល ប៊ីចេង ទឹក​ស៊ុប ( អត់​ទឹក​ស៊ុប​អាច​ប្រើ​ទឹកដូង​ជំនួស​បាន ) ស្លឹក​ក្រូចសើច ខ្ទឹមស​ចិញ្ច្រាំ​អោយ​ម៉ត់ សណ្ដែកដី​លីង បុក​អោយ​រៀង​ម៉ត់​បន្តិច សាច់គោ បង្គា មុឹក បន្លែ ស្ពៃបូកគោ ផ្សិត។

វិធី​ធ្វើ ដាក់​ឆ្នាំង​ទុកអោយ​ក្ដៅ រួច​ដាក់​ខ្ទិះដូង​ចូល ទុកអោយ​ពុះ ហើយ​ដាក់ ស្លឹក​ក្រូចសើច ខ្ទឹមស​ចិញ្ច្រាំ កាពិ ម្ទេស​ក្រៀម គ្រឿង​សា​តេ រួច​កូរ​អោយ​រលាយ​ចូលគ្នា​អស់ ទុកអោយ​ពុះ​ឡើង​ឈ្ងុយ។ បន្ទាប់មក​ដាក់ ស្ករត្នោត ម្សៅ​ស៊ុប អំបិល ប៊ីចេង ប្រេង​អូ​លីវ និង ទឹកដោះគោ​ខាប់​ចូល​បន្តិច កូរ​អោយ​សព្វ​ជាមួយ​គ្រឿង។

រួច​ចាក់ទឹក​ស៊ុប រឺ ទឹកដូង​ចូល រួច​ភ្លក់​មើល​អោយ​ល្មម តាម​ការចូល​ចិត្ត ( មុខម្ហូប​នេះ​ធ្វើ​កុំអោយ​ប្រៃ ) ទើប​ដាក់​សណ្ដែកដី​ចូល កូរ​អោយ​សព្វ រួច​ជាការ​ស្រេច ។ ដួស​ចេញមក​ដាក់​ឆ្នាំង​ដែល​ត្រូវ​ទទួលទាន ហើយ​មក​ដាក់​លើ​ចង្កា​ន​វិញ ដោយ​ប្រើ​ភ្លើងតិចៗ និង​ដាក់ ជាមួយ​សាច់គោ គ្រឿង​ស​មុ​ទ្យ តាម​ការចូល​ចិត្ត​រប​ស់លោក​អ្នក ជ្រលក់​ជាមួយ​ទឹក​តៅហ៊ូ ។

របៀប​ធ្វើ​ទឹក​តៅហ៊ូ ដាក់​ខ្លាញ់​ចូលក្នុង​ខ្ទះ ដាក់​ខ្ទឹមស​បំពង​ចូល​អោយ​ឈ្ងុយ រួច​ដាក់​តៅហ៊ូ ( តៅហ៊ូ​ដប ) ហើយ​ដាក់​ស្ករស និង ប៊ីចេង​បន្តិច កូរ​អោយ​សព្វ​ចូលជាតិ ភ្លក់​មើល​អោយ​ល្មម​កុំអោយ​ប្រៃ​ពេក រួច​ជាការ​ស្រេច ។