ជប៉ុនបង្រៀនបទពិសោធន៍ដល់កម្ពុជា របៀបជួស​ជុល​ផ្លូវ​​ចំណាយ​ថវិកាតិច ​តែ​មាន​គុណ​ភាព​ខ្ពស់

199

បន្ទាយមានជ័យ៖ ក្រុមហ៊ុន CTII Construction Technology Institution International​ របស់ជប៉ុនបានមកសាកល្បងដំបូងនៅប្រទេស​កម្ពុជា​ ដោយ​ជួស​ជុល​ផ្លូវ​ជាតិ​លេខ​ ៥​ ប្រវែង​ជាង​៥៤៣​ម៉ែត្រ​ សង​ខាង​ស្ពាន​សែ​សិន​ ក្នុងសង្កាត់ព្រះពន្លា ​ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយ​មាន​ជ័យ​នៅ​ព្រឹក​ ​ថ្ងៃ​ទី​១០​ ខែ​ធ្នូ ឆ្នាំ​២០១៩​ ​។

ឱកាសនោះដែរ មន្ត្រីថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសផ្លូវថ្នល់កម្ពុជា​ បានទៅស្រង់បទពិសោធន៍ពីក្រុមហ៊ុន CTII របស់​ជប៉ុន​ដែល​ជួស​ជុល​ផ្លូវ​​ចំណាយ​តិច ​តែ​មាន​គុណ​ភាព​ខ្ពស់​អាច​ប្រើ​បាន​យូរ​។​ តំណាង​ក្រុមហ៊ុន​CTII​ លោក​ កា​ជេ​ ម៉ាសា ឱ្យ​ដឹង​​​ថា ​បច្ចេក​ទេស​ជួស​ជុល​ផ្លូវ​កៅ​ស៊ូ​បែប​នេះ​ងាយ​ស្រួល​អាច​ធ្វើ​បាន​នៅ​គ្រប់​កន្លែង ​ហើយ​កាត់​បន្ថយ​ចំណាយ​៥០%​ បើ​ប្រៀប​ធៀប​នឹង​ការ​ស្ថាបនា​ផ្លូវ​ថ្មី​។​

លោកបានបន្ថែមថាការជួសជុលផ្លូវក្រាល​កៅ​ស៊ូ​ប្រើ​រូប​មន្ត​របស់​ក្រុមហ៊ុន​ គឺភ្ជួរថ្នល់ចាស់ដែលខូចដោយមិនបាច់​យក​បន្សំ​វត្ថុ​ធាតុ​សំណង់​ ឬ​អ្វី​ៗ​ចាស់​ពី​ទ្រូង​នៃ​គ្រឹះ​ផ្លូវ​ឡើយ​ ដោយ​គ្រាន់​តែ​កិន​បង្ហាប់​ កៀរ​លើ​ទ្រូង​ និងស្ថាបនាឡើងវិញដោយផ្សំជាមួយវត្ថុ​ធាតុ​សំណង់​គឺ​ស៊ីម៉ងត៍​ និងទឹកកៅស៊ូអេម៉ូសិនរបស់ក្រុមហ៊ុន​តែ​ប៉ុណ្ណោះ​ជា​ការ​ស្រេច​។​

លោក​បណ្ឌិត​ យិត ប៊ុណ្ណា រដ្ឋលេខាធិការ​ក្រសួង​សាធរណការ​ និង​ដឹកជញ្ជូន​ លោក​គឹម ​សុវណ្ណ ប្រធាន​មន្ទីរ​សាធារណការ​ និង​ដឹក​ជញ្ជូន​ខេត្ត​ និង​មន្ត្រី​បច្ចេកទេស​ចូល​រួម​ពិនិត្យ​ ​សិក្សា​ ស្រង់​ពិសោធន៍​ពី​រូប​មន្ត​នេះ​បាន​និយាយ​ថា ​រូប​មន្ត​នៃ​បច្ចេកទេស​ជួស​ជុល​ផ្លូវ​កៅ​ស៊ូ​បែប​នេះ​ ខាង​ក្រុមហ៊ុន​ថា ​អាច​ចំណេញ​​លើ​ចំណាយ​ដូច​ខាង​លើ​ ហើយ​សមត្ថភាព​ទ្រូង​ផ្លូវ​អាច​ធានាការ​ប្រើ​ប្រាស់​បាន​១០ឆ្នាំ ។​

លោក​ យឹត ប៊ុណ្ណា ​បន្ត​ថា ​ក្រសួង​គិត​ថា​ ស្ថានភាព​ផ្លូវ​ថ្នល់​កៅ​ស៊ូ​នៅ​កម្ពុជា​គឺ​រង​ការ​ខូច​ខាត​ច្រើន​ ហើយ​សមត្ថភាព​ និង​លទ្ធភាព​ប៉ុណ្ណឹង​ យើង​អាច​ធ្វើ​បាន​នេះ​ជា​ប្រយោជន៍​ពី​រូប​មន្ត​ថ្មី​ដែល​ថ្នាក់​ដឹក​នាំ ​មន្ត្រី​បច្ចេកទេស​ពី​ក្រសួង ​ពី​មន្ទីរ​សាធារណការ​ និង​ដឹក​ជញ្ជូន​ចុះ​មក​ឈ្វេង​យល់ ​សិក្សា ​និង​អាច​យក​ទៅ​ប្រើ​ប្រាស់​នា​ពេល​អនាគត​បាន​។

លោក​ អ៊ុំ រាត្រី ​អភិបាល​ខេត្តបន្ទាយ​មានជ័យ​បាន​ឲ្យដឹងថា ​ក្នុង​នាម​អាជ្ញាធរ​ខេត្ត​ លោក​សូម​ស្វាគមន៍​ និងថ្លែងអំណរគុណក្រុមហ៊ុន CTII ដែល​ធ្លាប់​ជួយ​ជួស​ជុល​ផ្លូវ​និង​បង្កាន់​ដៃ​ផ្លូវ​នៅ​ស្ពាន​ទឹក​ថ្លា​ និងជួសជុលផ្លូវនៅស្ពានសែសិននាក្រុង​សិរីសោភ័ណ​នេះ​។​ លោក​បាន​សំណូមពរ​ដល់​ក្រុមហ៊ុន ​ប្រើ​រូប​មន្ត​នៃ​បច្ចេកទេស​ និង​វត្ថុ​ធាតុ​ដើម​បែប​នេះ​ សាក​ល្បង​ជួស​ជុល​ផ្លូវ​ដែល​ខូច​ខាត​នៅ​កន្លែង​ផ្សេង​ទៀត​ក្នុង​ខេត្ត​ឲ្យ​បាន​ច្រើន​ទើប​ ធ្វើឲ្យមន្ត្រីជំនាញដកពិសោធន៍បានកាន់តែល្អ​៕ ផ្តល់សិទ្ឋដោយ៖ Camasianews