សមត្ថភាពនៃការគ្រប់គ្រង

0
76

ត្រូវចាំថាអ្នកដឹកនាំគ្រប់គ្រងដែលមានប្រសិទ្ឋភាពគឺជាអ្នកដែលអាចបង្ហាញនៅប្រាជ្ញាផ្នែកអារម្មណ៍កម្រិតខ្ពស់ និងមានភាពចាស់ទុំផ្នែកអារម្មណ៍ជាពិសេសគឺមានសមត្ថភាពក្នងការបង្កើនប្រាជ្ញាផ្នែកអារម្មណ៍របស់ខ្លួនឯង។ តើប្រាជ្ញាផ្នែកអារម្មណ៍គឺជាអ្វី? ប្រាជ្ញាផ្នែកអារម្មណ៍គឺជាសមត្ថភាពក្នុងការគ្រប់គ្រង់ខ្លួនឯង​ និងទំនាក់ទំនងជាមួយអ្នកដទៃប្រកបដោយប្រសិទ្ឋភាពខ្ពស់។

ប្រាជ្ញាផ្នែកអារម្មណ៍គឺជាលទ្ឋផលក្នុងការទទួលស្គាល់អារម្មណ៍របស់ខ្លួនឯងដោយត្រូវធ្វើការស្វែងយល់ថា តើអារម្មណ៍នោះប្រាប់យើងពីអ្វី? ហើយអារម្មណ៍នោះប៉ះពាល់ដល់អ្នកដទៃជុំវិញខ្លួនយើងយ៉ាងដូចម៉្តេច?​ សូមបញ្ជាក់ថា ប្រាជ្ញាផ្នែកអារម្មណ៍គឺបូករួមបញ្ចូលផងដែរនៅទស្សនៈរបស់យើងចំពោះអ្នកដទៃ។

ព្រោះប្រសិនបើយើងយល់នៅអារម្មណ៍របស់ពួកគេវានឹងធ្វើឲ្យយើងអាចគ្រប់គ្រងទំនាក់ទំនងប្រកបដោយប្រសិទ្ឋភាព។ មនុស្សដែលមានប្រាជ្ញាផ្នែកអារម្មណ៍ខ្ពស់ជាទូទៅទទួលបានជោគជ័យស្ទើរគ្រប់ការងារទាំងអស់​ ដោយសារតែពួកគេគឺជាមនុស្សដែលអ្នកដទៃតែងតែចង់បាន និងចង់រួមការងារជាមួយទៀតផង។ សមត្ថភាពនៃប្រាជ្ញាផ្នែកអារម្មណ៍ចែកចេញជាបួនផ្នែកដែលនិងរៀបរាប់ដូចខាងក្រោមនេះ។

១-ការស្គាល់ពីខ្លួនឯង ការស្គាល់ពីអារម្មណ៍ខ្លួនឯង ជាសមត្ថភាពក្នុងការដឹកពីអារម្មណ៍ខ្លួនឯងរួមទាំងទទួលស្គាល់នៅផលប៉ះពាល់របស់វាចំពោះទំនាក់ទំនងនឹងលទ្ឋផលអនុវត្តការងារ។ ការប៉ាន់ប្រមាណខ្លួនឯងដ៏ត្រឹមត្រូវ ជាការវាយតម្លៃខ្លួនឯងដោយសុក្រឹតទៅលើចំណុចខ្លាំងនិងដែនកំណត់ របស់ខ្លួនឯងផ្ទាល់។ ជំនឿទុកចិត្តលើខ្លួនឯង ជាជំនឿដ៏មុតមាំនិងបែបវិជ្ជមានថា​ខ្លួនឯងពិតជាមានតម្លៃនឹងអាចធ្វើអ្វីមួយបាន។

២-ការគ្រប់គ្រងខ្លួនឯង ស្វ័យត្រួតពិនិត្យជាសមត្ថភាពក្នុងការរក្សាអារម្មណ៍រំខាននិងអារម្មណ៍ក្រេវក្រោធឲ្យស្ថិតនៅក្រោមការត្រួតត្រារបស់ខ្លួនបាន។ ភាពទុកចិត្តបាន ជាការបង្ហាញជានិច្ចកាលនៅភាពស្មោះត្រង់និងសុចរិតភាពដល់អ្នកដទៃ។ សតិសម្បជញ្ញៈ ជាភាពគ្រប់គ្រងខ្លួនឯងនឹងការទទួលស្គាល់ខុសត្រូវរបស់ខ្លួន។ ភាពអាចផ្លាស់ប្តូរបាន ជាជំនាញក្នុងការកែតម្រូវទៅតាមស្ថានភាពប្រែប្រួលនឹងជម្នះឩបសគ្គ។ គំនិតក្នុងការផ្តួចផ្តើម ជាការត្រៀមលក្ខណៈរួចជាស្រេចក្នុងការស្វែងរក ចាប់យកនឹងបង្កើតឳកាស។

៣-ការយល់ដឹងពីទំនាក់ទំនង ការយល់ចិត្តជាជំនាញស្ទាបស្ទង់អារម្មណ៍របស់អ្នកដទៃការយល់ដឹងពីទស្សនៈរបស់អ្នកដទៃនិងការបង្ហាញពីចំណាប់អារម្មណ៍ចំពោះការបារម្ភនានារបស់អ្នកដទៃ។ ការយល់ដឹងពីស្ថាបន័ ជាសមត្ថភាពក្នុងការយល់ដឹងអំពីស្ថានភាពបច្ចុប្បន្ននៃជីវិតស្ថាបន័ កសាងបណ្តាញ បង្កើតគោលនយោបាយ។

៤-ជំនាញក្នុងការទាក់ទង ការដឹកនាំបែបទស្សនៈវិស័យ ជាសមត្ថភាពទទួលខុសត្រូវនឹងបណ្តុះឆន្ទៈបុគ្គលិកជាមួយនឹងទស្សនៈវិស័យមួយ៕ ឥទ្ឋពលជាសមត្ថភាពក្នុងការគ្រប់គ្រងនៅតាក់ទិចជាច្រើនតាមបែបបញ្ចុះបញ្ចូល។ អភិវឌ្ឍន៍អ្នកដទៃ ជាឩបនិស្ស័យក្នុងការគាំទ្រការអភិវឌ្ឍន៍សមត្ថភាពអ្នកដទៃតាមរយៈការផ្តល់យោបល់ត្រឡប់និងការណែនាំ។ ការគ្រប់គ្រងទំនាស់ ជាសមត្ថភាពក្នុងការបង្រួញភាពដែលមិនចុះសម្រុងគ្នានិងសម្របសម្រួលរកដំណោះស្រាយ។

LEAVE A REPLY

Please enter your comment!
Please enter your name here