ស្រក់ទឹកមាត់តក់ៗ! ភ្លាបង្គាជាមួយម្រះខ្ចី

325


មនុស្សយើងម្នាក់ៗត្រូវការហូបឆ្ងាញ់ដេកស្រួលគ្មានអ្នកណាមិនចង់នោះទេ។ តោះយើងមករៀនធ្វើមុខម្ហូបមួយនេះទំាងអស់គ្នា។ គ្រឿងផ្សំ៖ បង្គា ម្រះពុះជាពីរ ( ហាន់ស្ដើងៗ ) ខ្ទឹមស ខ្ទឹមក្រហម ម្ទេស ( បុករៀងម៉ត់បន្តិច ) ទឹកត្រី ស្ករស ម្សៅស៊ុប ទឹកក្រូចឆ្មា ជីអង្កាម

វិធីធ្វើ៖ យកបង្គាមកបកសម្បកអោយស្អាត ហើយកាត់តាមបណ្ដោយខ្លួនជាពីរ ( កុំអោយដាច់ពីគ្នា ) បន្ទាប់មកយកម្រេះមករៀបដាក់ចានដែលត្រូវទទួលទានអោយបានស្អាត រួចយកបង្គាដែលបានធ្វើស្អាតហើយនោះ មករៀបដាក់ពីលើ ហើយយកទៅដាក់ក្នុងទូរទឹកកក ទុកអោយត្រជាក់។

ច្របាច់ទឹកក្រូចឆ្មាដាក់ចាន ខ្ទឹមស ខ្ទឹមក្រហម ម្ទេស ( ទុកប្រហែល 10នាទី ដើម្បីកុំអោយក្រពុលខ្ទឹម ) រួចដាក់ ស្ករស ទឹកត្រី ម្សៅស៊ុប កូរចូលគ្នាអោយសព្វ ភ្លក់មើលអោយល្មម តាមការចូលចិត្ត ( អោយហិរខ្លាំង បន្តិច ដើម្បីអោយបង្គាឆ្អិនល្អ ) ពេលទទួលទាន ទើបយកបង្គាដែលបានក្លាសេទុក មកស្រោចទឹកម្ទេសពីលើអោយសព្វ រួចដាក់ជីអង្កាមលំអពីលើ រួចជាការស្រេច ។

សំរាប់បងប្អូនឬអ្នកដែលមិនចូលចិត្តម្រេះល្វីងពេក អាចយកម្រេះដែលហាន់ហើយនោះ មកច្របាច់ទឹកអំបិល ហើយលាងចេញអោយស្អាត នោះមិនសូវល្វីងទេ។