ធ្វើបែបណា ទើបមិនងាយបោះបង់ចោលការងារលំបាកទៅ?

99

តើពេលជួបការលំបាកតើអ្នកនឹងធ្វើអ្វី? ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីវិធីក្នុងការជម្រុញអ្នកឲ្យមានកម្លាំងចិត្ត ដើម្បីបន្តពុះពារទៅមុខ ដោយមិនបោះបង់ចោលយ៉ាងងាយ។ តើមានអ្វីខ្លះទៅ?អ្នកគួរតែផ្លាស់ប្តូរគំនិតរបស់អ្នកពីការបោះបង់ មកជាការខំប្រឹងដើម្បីបានសម្រេច។ អ្នកគួរតែជឿជាក់ចំពោះខ្លួនឯង ព្រោះមានតែជំនឿចិត្តនេះទេ ទើបអាចនាំអ្នកដើរទៅរកផ្លូវដែលជោគជ័យ។

អ្នកគួរតែមើលទៅរយៈចម្ងាយដែលអ្នកបានដើរកន្លងមក។ នៅពេលដែលអ្នកមើលឃើញចម្ងាយដែលអ្នកដើរមកឆ្ងាយ ហើយលំបាក នោះអ្នកនឹងមិនងាយបោះបង់ចោលឡើយ ដោយអ្នកនឹងអាចខំប្រឹងបន្តដំណើរទៅទៀត ដើម្បីអាចដើរដល់ផ្លូវដែលមានពន្លឺបានឆាប់រហ័ស។

អ្នកគួរតែទុកឧបសគ្គទាំងឡាយ ជាអ្នកមានគុណរបស់អ្នក ព្រោះឧបសគ្គទាំងនេះ នឹងជួយអ្នកឲ្យឆាប់ដើរដលើគោលដៅនៅពេលដែលអ្នកខិតខំពុះពារ។ ផ្ទុយទៅវិញ បើអ្នកមិនប្រឈមមុខ ហើយតែងតែរអ៊ូរទាំ នោះគ្មានថ្ងៃដែលអ្នកអាចជោគជ័យឡើយ។

មានពេលខ្លះ ការសម្រាក ក៏អាចជួយអ្នកឲ្យឆាប់ទទួលបានលទ្ធផលដែរ។ ដូចនេះ អ្នកគួរតែសម្រាកខ្លះ ព្រោះបើអ្នកធ្វើការដោយគ្មានថ្ងៃ និងយប់ មិនត្រឹមតែធ្វើឲ្យអ្នកមិនបានសម្រេចទេ ថែមទាំងអាចធ្វើឲ្យសុខភាពអ្នកទ្រុឌទ្រោមទៀតផង។ ដូចនេះ មានតែការសម្រាកទេ ទើបអាចធ្វើឲ្យខួរក្បាលអ្នកជ្រះស្រលះ អាចបន្តដំណើរទៅមុខយ៉ាងជោគជ័យ។

អ្នកគួរតែរក្សាខួរក្បាលអ្នកឲ្យមានភាពវិជ្ជមាន ព្រោះនៅពេលដែលខួរក្បាលអ្នកគិតអ្វីដែលត្រូវ នោះវានឹងជួយអ្នកមិនឲ្យងាយបោះបង់ចោលអ្វីមួយឡើយ ដោយអ្នកអាចបន្តដំណើរបានគ្រប់ពេល។អ្នកគួរតែបោះជំហ៊ានទៅមុខជារៀងរាល់ថ្ងៃ ដោយបោះជំហ៊ានតូចៗ ទើបការងារអ្នកអាចសម្រចបានទោះបីជាអ្នកមើលឃើញភាពបរាជ័យក៏ដោយ។ ផ្ទុយទៅវិញ បើអ្នកមិនសាកល្បងដើរ ហើយបោះបង់ចោល អ្នកនឹងមិនអាចមើលឃើញទេសភាពដ៏ស្រស់ស្អាតនៅពីមុខឡើយ។ ដូចនេះ អ្នកគួរតែមានចិត្តអំណត់ ទើបការងារអ្នកអាចទទួលបានជោគជ័យ៕