នៅសម័យដើម មុនជំនាន់១៩៧៥ ពាក្យថា អ្នកនាង ជាភាសាសុជីវធម៌សម្រាប់ហៅនារីក្មេងៗដែលមិនទាន់រៀបការ ឬចំពោះនារីដែលយើងមិនដឹងថារៀបការហើយឬនៅ។ ប៉ុន្តែនារីដែលចង់បង្ហាញថាខ្លួននៅលីវមិនទាន់រៀបការ ច្រើនប្រាប់អ្នកស្រុក អោយហៅថាខ្លួនគេថា កញ្ញា 

ប៉ុន្តែនៅសម័យនេះ មនុស្សច្រើនគិតភាន់ច្រឡំថា ពាក្យ អ្នកនាង មានន័យថាស្រីមេម៉ាយ ទើបមាននារីខ្លះនាំគ្នាប្រកែកដើម្បីបង្ហាញភាពលីវរបស់ខ្លួន។ តាមពិតនៅក្នុងអត្ថបទអក្សរសិល្ប៍ខ្មែរជំនាន់មុន ឬសូម្បីតែចម្រៀងរបស់លោកស៊ីនស៊ីសាមុត អ្នកស្រីរស់សិរីសុទ្ធា ក៏ប្រើពាក្យថា អ្នកនាង យកមិនអស់ដែរ ដែលសំដៅទៅលើនារីក្មេង ទោះបីជានៅលីវ ឬមិននៅលីវក៏ដោយ។ពាក្យថា លោកស្រី ប្រើសម្រាប់ស្ត្រីដែលរៀបការជាមួយបុរសដែលមានឋានន្តរសក្តិ មានមុខការងារក្នុងក្រសួង ជាមន្ត្រីរាជការ ឬអ្នកមានមុខមាត់ក្នុងសង្គម តែស្ត្រីទាំងនេះច្រើនជាមេផ្ទះមិនមានការងារ មុខនាទីការងារក្នុងសង្គមអ្វីឡើយ។

ចំណែកពាក្យថា អ្នកស្រី គឺសម្រាប់សំដៅទៅស្ត្រីដែលរៀបការហើយ ហើយដែលមានកាន់ការងារ មានមុខនាទីទទួលខុសត្រូវ ជាបុគ្គលិកមួយ ឬជានាយកក្នុងក្រសួង ឬក្រុមហ៊ុន ឬមានមុខរបរដោយខ្លួនឯង។ ស្ត្រីមេម៉ាយក៏អាចហៅថា អ្នកស្រី បានដែរ អោយតែមានមុខនាទីកាន់ការងារអ្វីមួយក្នុងនាមខ្លួនជាបុគ្គលិកដោយខ្លួនឯង តែមិនមែនស្ត្រីដែលទទួលឋានៈតាមរយៈស្វាមីដែលមានឋាននន្តរសក្តិ។

ចំពោះស្ត្រីសាមញ្ញទូទៅដែលពុំមានមុខរបរ ឬមុខមាត់ក្នុងសង្គម នៅក្នុងកិច្ចសម្ភាសន៍អ្វីមួយយើងហៅគាត់ថា អ្នកស្រី ដដែល។ ប៉ុន្តែទម្លាប់ខ្មែរពីដើម គេច្រើនហៅជាញាតិទៅវិញដូចជា អ្នកបង អ្នកមីង លោកអ៊ំ លោកយាយ ជាដើម គឺសំដៅទៅអ្នកស្រុកធម្មតា រាប់គ្នាទៅមកជាញាតិភូមិផងរបងជាមួយ។ លោកស្រីជំទាវ សំដៅទៅភរិយាមេផ្ទះរបស់សមាជិកគណរដ្ឋមន្ត្រី ឬភរិយាមេផ្ទះរបស់ឧត្តមសេនិយ៍ជាដើម។ ចំណែក អ្នកស្រីជំទាវ សំដៅទៅលើស្ត្រីដែលកាន់នាទីការងារធំៗ ដូចបុរសដែរក្នុងគណរដ្ឋមន្ត្រី ឬក្រសួងរដ្ឋាភិបាលផ្សេងៗ។

ដូច្នេះពាក្យថា លោកស្រី គឺសំដៅទៅភរិយាមេផ្ទះរបស់លោកគេហបតី សេដ្ឋី ឬមន្ត្រីតែម៉្យាងប៉ុណ្ណោះ។ ស្រី្តខ្លះបានសំដែងនូវការអាក់អន់ចិត្តពេលគេហៅខ្លួនថាអ្នកស្រី មិនមែនលោកស្រី។ នោះព្រោះមកពីគេឃើញពាក្យ លោក នៅពីមុខពាក្យ ស្រី ទើបគិតច្រឡំថា ពាក្យ លោក មានកម្រិតខ្ពស់ជាង ពាក្យថា អ្នក រួចហើយក៏មានចិត្តលោភចង់បានបុណ្យខ្ពស់អោយគេគោរព ដោយភ្លេចគិតអំពីអត្ថន័យដើមដ៏ត្រឹមត្រូវរបស់ពាក្យ។

LEAVE A REPLY

Please enter your comment!
Please enter your name here