ជំងឺខ្សោយបេះដូង គឺជាបញ្ហាចំបងដល់សុខភាពសាធារណៈ

0
1083

១) អ្វីជាជំងឺខ្សោយបេះដូង? (Heart failure) ជំងឺខ្សោយបេះដូងជាការធ្លាក់ចុះ ឬខ្សោយនូវមុខងារបេះដូង ក្នុងការនាំឈាមទៅចិញ្ចឹមសរីរាង្គនៃខ្លួនយើង។ ២) ហេតុអ្វី ជំងឺនេះជាកង្វល់ របស់ក្រុមគ្រូពេទ្យបេះដូង? តាមរបាយការណ៌ថ្មីៗបានបង្ហាញថា ចំនួនអ្នកជំងឺខ្សោយបេះដូងនៅលើពិភពលោកមានប្រមាណ ៦២លាននាក់ ។ ជាមូលហេតុទី ១ នៃការចូលសម្រាកពេទ្យចំពោះអ្នកជំងឺដែលមានអាយុលើសពី ៦៥ឆ្នាំ ។ អត្រាមរណៈភាពរបស់ជំងឺនេះខ្ពស់ (២៨% ស្លាប់ក្នុងកំឡុងពេល ១ឆ្នាំ និង៥០% ក្នុងកំឡុងពេល ៥ឆ្នាំ ក្រោយធ្វើ រោគវិនិច្ឆ័យ)

ដោយឡែក នៅមជ្ឈមណ្ឌលបេះដូងនៃមន្ទីរពេទ្យកាល់ម៉ែតយើងវិញ ចំនួនអ្នកជំងឺខ្សោយបេះដូងចូលសម្រាកពេទ្យ មានប្រមាណ ២០០០នាក់ ក្នុងមួយឆ្នាំ (ប្រហែល៣០% នៃអ្នកជំងឺសម្រាកពេទ្យ) គិតជាមធ្យម ប្រហែល៥នាក់ក្នុងមួយថ្ងៃ។

៣) រោគសញ្ញា៖ ជំងឺខ្សោយបេះដូងអាចស្តែងចេញជារោគសញ្ញាៈ អស់កំលាំង, ល្ហិតល្ហៃ
ពិបាកដង្ហើម, ហត់ដង្ហក់ ក្អកញឹកញាប់ ជួនមានស្លេសពណ៌ស ឬក្រហមលាយឈាម
ហើមជើង, ឡើងទំងន់លឿន ញរ័ទ្រូង ពិបាកគេង (ជូនកាលអ្នកជំងឺប្រើខ្នើយ ២-៣ជាន់ ដើម្បីគេងបាន)

៤) មូលហេតុ៖ កត្តា ឬមូលហេតុដែលបង្ក មានដូចជាៈ លើសឈាម (HTN)
ជំងឺស្ទះសរសៃឈាមបេះដូង (Coronary artery disease) ជំងឺខូចប្រឺសបេះដូង (Valvular heart disease) ជំងឺបេះដូងពីកំណើត (Congenital heart disease) ជំងឺសាច់ដុំបេះដូង (Cardiomyopathy) ជំងឺវិបត្តិចង្វាក់បេះដូង…

៥) រោគវិនិច្ឆ័យ៖ អេកូបេះដូង (Heart Ultrasound) ជាមធ្យោបាយចាំបាច់បំផុត សម្រាប់ធ្វើរោគវិនិច្ឆ័យ ក្រៅពីនេះមានៈការថតសួត (Chest X-ray) ការវាស់ចង្វាក់បេះដូង (EKG) ការពិនិត្យឈាម ការថតឆ្លុះសរសៃឈាមបេះដូង (Cardiac catheterization)

៦) ផលវិបាក៖ផលវិបាកផ្សេងៗនៃជំងឺនេះមានៈហើមសួតស្រួចស្រាវ (Acute pulmonary edema) វិបត្តិចង្វាក់បេះដូង គាំងបេះដូង (cardiac arrest) រហូតដល់អាចបាត់បង់ជីវិត។

៧) ការព្យាបាល៖ មកដល់សព្វថ្ងៃនេះ ជំងឺខ្សោយបេះដូងភាគច្រើនមិនអាចព្យាបាលឲ្យជាសះស្បើយទាំងស្រុងទេ។ ការព្យាបាលភាគច្រើន ជាការព្យាបាលដើម្បីឲ្យអ្នកជំងឺអាចរស់នៅ និងប្រកបការងារប្រចាំថ្ងៃជាធម្មតានៅក្នុងសង្គម និងកាត់បន្ថយអត្រាមរណភាពឲ្យបានជាអតិបរមា ការព្យាបាលដោយថ្នាំ អាចធ្វើឲ្យស្ថានភាពបេះដូងនឹងនរ កាត់បន្ថយរោគសញ្ញា កាត់បន្ថយផលវិបាក និង ហានិភ័យផ្សេងៗ។ ជួនពេលខ្លះ ការឆ្លុះសរសៃឈាមបេះដូង និងដាក់រឺស័រក្នុងសរសៃរឈាមបេះដូង ជាជម្រើសដ៏ល្អប្រសើរសម្រាប់
អ្នកជំងឺដែលបណ្តាលមកពីស្ទះសរសៃឈាមបេះដូង។ ក្នុងករណីខ្លះ ការព្យាបាលដោយវះកាត់ មានការចាំបាច់ចំពោះអ្នកជំងឺដែលខូចប្រឺសបេះដូងធ្ងន់ធ្ងរ។ ក្នុងករណីខ្លះទៀត អ្នកជំងឺតម្រូវឲ្យធ្វើការព្យាបាលដោយដាក់ថ្មបេះដូង។

៨) របបចំណីអាហារ និងរបៀបរបបនៃការរស់នៅៈ ជាកត្តាសំខាន់ក្នុងការ ការពារនិងព្យាបាលជំងឺខ្សោយបេះដូង។កុំបរិភោគអាហារសម្បូរជាតិប្រៃ ឈប់ជក់បារី រក្សាទំងន់ឲ្យសមស្រប (កុំឲ្យធាត់ជ្រុល)កាត់បន្ថយ ឬបញ្ឈប់ការពិសារគ្រឿងស្រវឹង
កាត់បន្ថយការបរិភោគអាហារសម្បូរខ្លាញ់បរិភោគបន្លែ ផ្លែឈើ ឲ្យបានច្រើន ហាត់ប្រាណឲ្យបានទៀងទាត់កាត់បន្ថយភាពតានតឹងអារម្មណ៍ (Stress)គ្រប់គ្រងសម្ពាធឈាមឲ្យបានត្រឹមត្រូវ ប្រសិនបើលោកអ្នកមានជំងឺលើសឈាម។ ត្រូវពិសារថ្នាំទៀងទាត់ និងតាមដានឲ្យបានត្រឹមត្រូវ ជាមួយគ្រូពេទ្យឯកទេស។

LEAVE A REPLY

Please enter your comment!
Please enter your name here