ពេជ្រ សោភា និង ឆឹម សក្កដា បង្ហាញ​ភាព​ផ្អែម​ល្ហែម​ឡើង​វិញ ក្រោយ​​អ្នក​​គាំទ្រ​​​ដាក់​​ការ​​សង្ស័យ​​ថា ជា​​ស្នេហា​​ក្លែងក្លាយ!

(ភ្នំពេញ)៖ ក្រោយពីមានព័ត៌មានលេចឮ ក៏ដូចជាអ្នកគាំទ្រដាក់ការសង្ស័យ កន្លងមកថា ទំនាក់ទំនងស្នេហា រវាងកំពូលតារាចម្រៀងស្រី ប្រចាំផលិតកម្មហង្សមាស អ្នកនាង ពេជ្រ សោភា និងតារាសម្ដែងប្រុស លោក ឆឹម សក្កដា ថាជាស្នេហាក្លែងក្លាយ ពោលគឺគ្រាន់តែជាស្នេហាបន្លំ ភ្នែកទស្សនិកជនតែប៉ុណ្ណោះ ព្រោះគូស្នេហ៍ដែលធ្លាប់ល្អូកល្អិនជាមួយនឹងគ្នា ពេជ្រ សោភា និង ឆឹម សក្កដា ហាក់មានភាពប្រែប្រួល លែងសូវផ្អែមល្ហែម បង្ហោះរូបភាពកៀកកើយ ស្និទ្ធស្នាលនឹងគ្នា ដូចជាពេលមុនទៀត។

មិនត្រឹមប៉ុណ្ណោះទេ សូម្បីសកម្មភាពរបស់ពួកគេ ក៏បានធ្វើឲ្យអ្នកគាំទ្រជាច្រើន មានការងឿងឆ្ងល់ផងដែរ។ យ៉ាងណាមិញ ក្រោយពីមានការសង្ស័យថា ជាស្នេហាក្លែងក្លាយ ស្រាប់តែថ្មីៗនេះ គូស្នេហ៍ដែលជាតារាល្បីឈ្មោះ មួយគូនេះ បានបង្ហាញភាព ល្អូកល្អិនដឹកដៃគ្នា យ៉ាងផ្អែមល្ហែម ចូលរួមកម្មវិធីមួយជាសាធារណៈ ដើម្បីបញ្ចប់ចម្ងល់ របស់អ្នកគាំទ្រ។

ជាការពិតណាស់ ក្នុងចេតនាបង្ហាញថា ពួកគេនៅតែរក្សាទំនាក់ទំនងស្នេហា ជាមួយនឹងគ្នាដដែលនោះ តារាចម្រៀងស្រី អ្នកនាង ពេជ្រ សោភា បានបង្ហោះរូបភាពជាមួយនឹងគូស្នេហ៍ គឺលោក ឆឹម សក្កដា ព្រមជាមួយពាក្យពេចន៍យ៉ាងផ្អែមល្ហែម នៅលើបណ្ដាញសង្គមរបស់ខ្លួនថា «អរគុណស្នេហាមួយនេះ ស្រែកសួរគេរហូត សុំឲ្យគេលក់ឲ្យ សំខាន់នំនឹងមាន១អ្នកលក់ឈប់ហើយ ហាហាហាហា គេថាដើម្បីស្នេហាពូឯងខ្ញុំឲ្យចុះ»។ លើសពីនេះទៅទៀត អ្នកនាង ពេជ្រ សោភា បានសង្កត់ធ្ងន់ទៀតថា «កុំឲ្យគេពូកែ ថាបែកគ្នាពេក ផុសរូបតែម្តង នៅមានរូបច្រើនទៀត»

តាមរយៈសារស័ព្ទបង្កប់ទៅដោយអត្ថន័យ រវាងគូស្នេហ៍មួយនេះ ធ្វើឲ្យប្រិយមិត្តទស្សនិកជន ជាពិសេសអ្នកគាំទ្រជាច្រើន ហាក់ធូរចិត្តបន្តិច ក៏បានបង្ហាញអារម្មណ៍ត្រេកអរ ដោយស្នេហារបស់ពួកគេទាំងពីរ បានត្រឡប់មកដូចដើមវិញហើយ និងបានជូនពរឲ្យគូស្នេហ៍ ដែលសុទ្ធតែជាតារាល្បីឈ្មោះមួយគូរនេះ ស្រឡាញ់គ្នា និងបន្តបង្ហាញភាពល្អូកល្អិន ដល់អ្នកគាំទ្រជាបន្តទៀត៕ KhmerTalking

LEAVE A REPLY

Please enter your comment!
Please enter your name here