គួររាប់អានមនុស្សប្រភេទណាទើបធ្វើឲ្យជីវិតយើងរីកចម្រើន?

83

ប្រិយមិត្តធ្លាប់ឮពាក្យគេនិយាយថាទំនាក់ទំនងបង្កើតលុយដែរឬទេ? វាជាការពិតណាស់ទំនាក់ទំនងពិតជាបង្កើតលុយមែន បើអ្នករាប់អានមនុស្សត្រូវ មនុស្សដែលខ្លឹម ហើយមានចំណេះដឹង។ ជោគជ័យ​មិនមែន​កើតឡើង​ឯកឯង​ទេ​។ ការពិត​ មានក​ត្តា​មួយចំនួន​ដែល​នាំ​សហគ្រិន​ទៅ​រក​ជោគជ័យ​។ ការ​ប្រឹងប្រែង​និង​កម្លាំងចិត្ត​តែងតែ​ជា​កត្តាចាំបាច់​សម្រាប់​ជោគជ័យ​សហគ្រិន​ ប៉ុន្តែ​ដំណើរ​អភិវឌ្ឍ​ផ្ទាល់ខ្លួន​របស់​លោកអ្នក​ក៏​ទទួលរង​ឥទ្ធិពល​ច្រើន​ពី​មនុស្សដទៃ​ដែរ​។

មនុស្ស​ដែល​យើង​ជ្រើសរើស​រាប់អាន​តែងតែមាន​ឥទ្ធិពល​លើ​របៀប​ដែល​យើង​គិត​ និង​ធ្វើការ​រាល់ថ្ងៃ​។ នៅក្នុង​របៀប​ជាច្រើន​ ជោគជ័យ​សហគ្រិន​កំណត់​ដូច​រៀប​ជោគជ័យ​ក្នុង​ផ្នែក​ផ្សេងទៀត​នៃ​ជីវិត​ដែរ​។ កីឡាករ​ម្នាក់​ទទួល​បាន​ជោគជ័យ​ដោយសារ​មនុស្ស​ជុំវិញ​ខ្លួន​គេ​ជួយ​រុញច្រាន​និង​លើកទឹកចិត្ត​ មិនមែន​ដោយសារ​មនុស្ស​ដែល​រំខាន​និង​ចាំតែ​មើលបំណាំ​នោះ​ទេ​។

ក្នុងនាម​ជា​សហគ្រិន​ លោកអ្នក​ត្រូវ​មាន​ទំនួល​ខុសត្រូវ​ចំពោះខ្លួន​ឯង​។ ការរាប់​អាន​ជាមួយ​ប្រភេទ​មនុស្ស​ត្រូវ​ អាច​ជួយ​ឱ្យ​ជោគជ័យ​កើតឡើង​យ៉ាង​ងាយស្រួល​ជា​ការរាប់​អាន​មនុស្ស​ខុស​។ ខាងក្រោម​នេះ​ជា​ប្រភេទ​មនុស្ស​ដែល​លោកអ្នក​គួរតែ​រាប់អាន​ ដើម្បី​ទទួល​បាន​ជោគជ័យ​៖

១. អ្នកធ្វើការ​មិន​ខ្លាច​នឿយហត់​ លោកអ្នក​ប្រហែល​ស្គាល់​មនុស្ស​ដែល​ជា​អ្នកធ្វើការ​មិន​ខ្លាច​នឿយហត់​ហើយ​ ឬមួយ​ខ្លួន​លោកអ្នក​ផ្ទាល់​ជា​មនុស្ស​ប្រភេទ​នោះ​ស្រាប់​។ មនុស្ស​ប្រភេទ​នេះ​រុញច្រាន​លោកអ្នក​ឱ្យ​ខិតខំ​ធ្វើការ​រាល់ថ្ងៃ​។ ទោះបី​ការ​វាស់​ស្ទង់​ជោគជ័យ​ខ្លួនឯង​ជាមួយ​ជោគជ័យ​អ្នកដទៃ​ដូចគ្នា​ទៅ​នឹង​ការប្រៀបធៀប​ផ្លែក្រូច​ជាមួយនឹង​ផ្លែ​ប៉ោម​ ក៏​យើង​អាច​វាស់​ស្ទង់​កម្លាំងចិត្ត​របស់​យើង​ជាមួយនឹង​កម្លាំងចិត្ត​របស់​មនុស្ស​ដែល​ពូកែ​ធ្វើការ​ដែរ​។ មហិច្ឆតា​និង​ការ​ប្តេជ្ញា​ពិតប្រាកដ​នឹង​បង្កើត​បាន​ជា​ពាណិជ្ជកម្ម​ដែល​ជោគជ័យ​។

២. មនុស្ស​មាន​ឥរិយាបថ​វិជ្ជមាន​ មនុស្ស​ច្រើនតែ​ធ្វើការងារ​បាន​ប្រសើរ​ប្រសិនបើ​គេ​សប្បាយចិត្ត​។ ឥរិយាបថ​អវិជ្ជមាន​អាច​អូសទាញ​ទម្លាក់​សីលធម៌​ការងារ​ ហើយក៏​មិនបាន​ផ្តល់​កម្លាំងចិត្ត​អ្វី​ដល់​ជោគជ័យ​ឬគំនិត​ច្នៃប្រឌិត​នោះ​ទេ​។ ការរាប់​អាន​ជាមួយ​មនុស្ស​ដែល​គិត​អវិជ្ជមាន​អាច​រាំងស្ទះ​គំនិត​ច្នៃប្រឌិត​និង​កម្លាំងចិត្ត​របស់​លោកអ្នក​ ហើយក៏​អាច​ជា​រឿង​គ្រោះថ្នាក់​សម្រាប់​ពាណិជ្ជកម្ម​របស់​លោកអ្នក​ដែរ​។ មនុស្ស​ដែល​មាន​ឥរិយាបថ​វិជ្ជមាន​អាចប​ង្កើត​ឥទ្ធិពល​ផ្ទុយពី​នេះ​ គឺ​គេ​ជួយ​រុញច្រាន​លោកអ្នក​ឱ្យ​ហ៊ាន​ប្រថុយ​ហក់លោត​ទៅ​រក​ជោគជ័យ​កាន់តែ​ច្រើន​។ ការ​នាំ​យក​ភាព​រីករាយ​ចូលក្នុង​កន្លែង​ធ្វើការ​នឹង​ជួយ​ធ្វើ​ឱ្យ​មនុស្ស​ទាំងអស់​សម្លឹង​ទៅ​រក​លទ្ធ​ផលល្អៗ​នៅក្នុង​ពេល​អនាគត​។

៣. មនុស្ស​ដែល​ពូកែ​សួរ​សំណួរ​ លោក​ Albert​ Einstein​ ធ្លាប់​និយាយ​ថា​ «រឿង​ដែល​សំខាន់​គឺ​មិន​ត្រូវ​ឈប់​សួរ​សំណួរ​ទេ​។» ក្នុងនាម​ជា​សហគ្រិន​ យើង​គួរតែ​សួរ​សំណួរ​ជាប្រចាំ​អំពី​ខ្លួនឯង​និង​ពាណិជ្ជកម្ម​របស់​យើង​។ ទោះជាយ៉ាងណា​ គ្មាន​មនុស្ស​ណា​ម្នាក់​គិត​គ្រប់​សំណួរ​ដែល​សំខាន់​ទាំងអស់​នោះ​ទេ​។ មនុស្ស​ដែល​សួរ​សំណួរ​អាច​ផ្តល់​ជ្រុង​ផ្សេង​ៗនៃ​ការ​សម្លឹង​មើល​បញ្ហា​មួយ​ឬគំនិត​មួយ​ ហើយ​សំណួរ​ដែលគេ​សួរ​អាច​នាំទៅរក​គំនិត​ច្នៃប្រឌិត​ថ្មី​នៅក្នុង​ពាណិជ្ជកម្ម​។ ទស្សនៈ​ជា​អ្វី​ៗទាំងអស់​នៅក្នុង​ពាណិជ្ជកម្ម​។

៤. មនុស្ស​ពូកែ​សុបិន​ មនុស្ស​ដែល​មិនមែន​ជា​សហគ្រិន​នឹង​ចាត់ទុក​សហគ្រិន​ថា​ជា​អ្នក​សុបិន​។ ទោះជាយ៉ាងណា​ យើង​យល់ថា​ការកំណត់​គោលដៅ​និង​ការ​ប្រឹងប្រែង​ធ្វើការ​នឹង​ជួយ​សម្រេច​គោលដៅ​ដែល​យើង​គិតថា​អាច​សម្រេច​បាន​។ ដើម្បី​រក្សា​កម្លាំងចិត្ត​បែបនេះ​ទៅមុខ​ជានិច្ច​ យើង​គួរតែ​រាប់អាន​ជាមួយ​មនុស្ស​ដែល​មាន​គោលដៅ​ស្រដៀងគ្នា​ក្នុងចិត្ត​។ មនុស្ស​ពូកែ​សុបិន​ទាំងនេះ​មិន​ចាំបាច់​ត្រូវតែ​ជា​មនុស្ស​ដែល​ធ្វើការ​ក្នុង​ឧស្សាហកម្ម​ដូចគ្នា​នោះ​ទេ​។ រឿង​ដែល​សំខាន់​គឺ​លោកអ្នក​ត្រូវ​រក្សា​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយនឹង​មនុស្ស​ដែល​មាន​ផែនការ​ធំ​សម្រាប់​ខ្លួនឯង​។ ការ​មើលឃើញ​កម្លាំងចិត្ត​របស់​អ្នកដទៃ​នឹង​ធ្វើ​ឱ្យ​លោកអ្នក​ស្រេកឃ្លាន​ចង់​សម្រេច​គោលដៅ​របស់​ខ្លួនឯង​ដែរ​។