មានជីវិតត្រូវតែមានក្តីសង្ឃឹមនឹងមានការតស៊ូឡើងកុំចុះចាញ់នឹងឩបសគ្គឲ្យសោះ។ ដំណើរ​ជីវិត​មនុស្ស​មិន​ដូចគ្នា​ទាំងអស់​ទេ​ ហើយ​គោលដៅ​ក៏​មាន​ខុស​ៗគ្នា​ដែរ​។ ដូច្នេះ​និយមន័យ​ជោគជ័យ​ប្រែប្រួល​ទៅតាម​ការកំណត់​របស់​មនុស្ស​ម្នា​ក់ៗ​។ ប៉ុន្តែ​ បើ​ទោះជា​ខុសគ្នា​យ៉ាងណា​ ក៏​នៅ​មាន​គន្លឹះ​ខ្លះ​ដែល​ជួយ​តម្រង់ផ្លូវ​លោកអ្នក​ឱ្យ​ឆាប់​ទទួល​បាន​ជោគជ័យ​ដែរ​ ៖

១. ប៉ាន់ស្មាន​អនាគត​ការសង្ស័យ​ចំពោះ​លទ្ធផល​អនាគត​ច្រើនតែ​បំភ័យ​មនុស្សជា​ច្រើន​ឱ្យ​មើល​រំលង​ឱកាស​នៅចំពោះមុខ​។ ឆ្លៀត​រក​ពេលវេលា​សមរម្យ​ដូចជា​ចុង​សប្តាហ៍​ណាមួយ​ដើម្បី​រៀបចំផែនការ​សម្រាប់​សម្រេច​បាន​លទ្ធផល​ដែល​លោកអ្នក​តែងតែ​ប្រាថ្នា​ចង់បាន​។

២. ធ្វើតាម​ចិត្ត​ខ្លួនឯង​ ហ្វឹកហាត់​សាច់ដុំ​នៃ​គំនិត​ចង់​ចេះ​ចង់​ដឹង​របស់​លោកអ្នក​។ នៅ​ក្នុង​ចម្លោះ​ពេលសម្រាក​ពី​ការងារ​ សូម​បណ្តោយ​ឱ្យ​ខ្លួនឯង​ស្វែងរក​ចំណេះ​ដឹង​ប្លែក​ៗ និង​ព័ត៌មាន​ថ្មី​ៗពី​អ៊ី​នថឺ​ណិ​ត ឬសៀវភៅ​ដែល​លោកអ្នក​មិនធ្លាប់​គិតថា​មាន​ពីមុន​មក​។

៣. បំភ័យ​ខ្លួនឯង​ រៀបចំផែនការ​ធ្វើ​កិច្ចការ​អ្វីមួយ​ដែល​ធ្វើ​ឱ្យ​លោកអ្នក​ភ័យខ្លាច​ខ្លះ​។ ទោះជា​សកម្មភាព​នោះ​ជា​រឿង​ប្រថុយប្រថាន​ខ្លះ​ដូចជា​ការ​ជិះ​ស្គី​លើ​អាកាស​ ឬការ​ធ្វើដំណើរ​ទៅ​កន្លែង​ប្លែក​ក៏​ជា​ការ​រុញច្រាន​ពង្រីក​ព្រំដែន​របស់​លោកអ្នក​ដែរ​។

៤. កំណត់ពេល​ផ្ទាល់ខ្លួន​ តាមដាន​ពេលវេលា​ខ្លួនឯង​រយៈពេល​មួយ​ខែ​ដើម្បី​ដឹង​ថា​លោកអ្នក​ធ្វើការ​ប៉ុន្មាន​ម៉ោង​ និង​ទទួល​បាន​លទ្ធផល​អ្វីខ្លះ​។ មិន​មាន​អ្វី​ទាស់​ខុស​ក្នុង​ការ​ចំណាយពេល​ច្រើន​ធ្វើការ​ទេ​ ប៉ុន្តែ​ប្រសិនបើ​លោកអ្នក​មើល​មិនសូវ​ឃើញ​លទ្ធផល​ លោកអ្នក​នឹង​ដឹង​ថាត្រូវ​កែសម្រួល​របៀប​ធ្វើការ​ដូចម្តេច​ខ្លះ​។

៥. ស្វែងរក​មិត្តភក្តិ​ បើ​លោកអ្នក​មាន​គោល​សមរម្យ​ក្នុងចិត្ត​ លោកអ្នក​គួរតែ​បបួល​មិត្តភក្តិ​ឬសមាជិក​ណា​ម្នាក់​ក្នុង​គ្រួសារ​ដើម្បី​ចូលរួម​ក្នុង​ដំណើរ​ជាមួយគ្នា​។ ដៃគូ​ទទួលខុសត្រូវ​មិន​ត្រឹមតែ​ជួយ​ឱ្យ​ងាយស្រួល​ដើរ​លើ​ផ្លូវ​ទៅ​រក​ជោគជ័យ​ប៉ុណ្ណោះទេ​ ប៉ុន្តែ​ក៏​ធ្វើ​ឱ្យ​ដំណើរ​នោះ​រីករាយ​ថែមទៀត​ផង​។

៦. មានចិត្តល្អ​ ការ​មើល​មិនសូវ​ឃើញ​តម្លៃ​របស់​ខ្លួនឯង​និង​ការ​និយាយប្រាប់​ខ្លួនឯង​ថា​ជា​មនុស្ស​មិនទាន់​គ្រប់គ្រាន់​ជា​របៀប​បំបាក់​ទឹកចិត្ត​សម្រាប់​ដំណើរ​វែងឆ្ងាយ​ក្នុង​ជីវិត​។ លោកអ្នក​ត្រូវ​កំណត់ពេល​បង្កើត​បញ្ជី​សកម្មភាព​ខ្លះ​ដើម្បី​រំឭក​ខ្លួនឯង​ថា​បាន​ធ្វើ​កិច្ចការ​ល្អ​អ្វីខ្លះ​ដល់​អ្នកដទៃ​រាល់ថ្ងៃ​។

៧. គិតទុកជាមុន​ លោកអ្នក​នឹង​ក្លាយជា​មនុស្សចាស់​នៅពេល​ណាមួយ​។ ប៉ុន្តែ​លោកអ្នក​ត្រូវតែ​សម្រេចចិត្ត​ថា​ពេលណា​ដែល​លោកអ្នក​ចាស់​។ ពិនិត្យមើល​ទម្លាប់​ទាំងអស់​របស់​លោកអ្នក​ និង​របៀបរបប​ទទួលទាន​អាហារ​ប្រចាំថ្ងៃ​។ លោកអ្នក​ត្រូវ​រក​ឱ្យ​ឃើញ​យ៉ាងហោចណាស់​ទម្លាប់​អាក្រក់​ពីរ​ រួចហើយ​ស្វែងរក​ទម្លាប់​ល្អ​មក​ជំនួស​វិញ​។

៨. និយាយ​ពាក្យ​អរគុណ​ ទំនាក់ទំនង​មាន​ឥទ្ធិពល​តម្រង់​ទិសដៅ​របស់​លោកអ្នក​ក្នុង​របៀប​ដែល​លោកអ្នក​មិនដឹង​ខ្លួន​។ លោកអ្នក​ត្រូវ​កំណត់ពេលវេលា​ខ្លះ​ដើម្បី​ជួប​ជជែក​ជាមួយនឹង​មនុស្ស​ណា​ម្នាក់​ដែល​ជិតស្និទ្ធ​ជាមួយនឹង​លោកអ្នក​ ទោះជា​មិត្តភក្តិ​ ឬសមាជិក​ក្នុង​គ្រួសារ​ ដែល​លោកអ្នក​មិនសូវ​បាន​និយាយ​ជាមួយ​។ លោកអ្នក​អាច​ឆ្លៀតពេល​នេះ​និយាយ​ពាក្យ​អរគុណ​ដែលគេ​បាន​ចែករំលែក​រឿង​ល្អ​ៗក្នុង​ដំណើរ​ជីវិត​របស់​លោកអ្នក​។

៩. ជួសជុល​និង​កែខៃ​បញ្ហា​ ជា​ញឹកញាប់​ណាស់​ លោកអ្នក​នឹង​ជួយ​បស្ថាន​ភាព​ដដែល​ៗដែល​មិន​មានដំណើរ​ការ​ល្អ​ ឬមិន​ត្រឹមត្រូវ​។ លោកអ្នក​ត្រូវតែ​តាំងចិត្ត​មិន​រអ៊ូរទាំ​ចំពោះ​រឿង​ទាំងអស់​នោះ​ទេ​ ហើយ​ជំនួស​មកវិញ​ ត្រូវ​គិតរក​មធ្យោបាយ​កែប្រែ​ឬផ្លាស់​ប្តូរ​យ៉ាងណា​ឱ្យ​ប្រសើរ​ឡើង​។

១០​. យកចិត្ត​ទុកដាក់​ចំពោះខ្លួន​ឯង​ សុភមង្គល​ជា​ជម្រើស​។ ទោះជា​លោកអ្នក​មាន​ពេលវេលា​មមាញឹក​យ៉ាងណា​ ក៏​នៅតែ​អាច​ឆ្លៀត​រក​ពេល​ពីរ​ម៉ោង​នៅ​ចុង​សប្តាហ៍​សម្រាប់​ខ្លួនឯង​ដែរ​។ លោកអ្នក​អាច​ប្រើប្រាស់​ពេលវេលា​ពីរ​ម៉ោង​នេះ​ធ្វើ​កិច្ចការ​ដែល​ខ្លួនឯង​ចង់​ធ្វើ​ និង​មិនបាច់​គិតដល់​កាតព្វកិច្ច​ ឬរឿង​ខាតចំណេញ​អ្វី​ទាំងអស់​។

LEAVE A REPLY

Please enter your comment!
Please enter your name here