ប៉ុន្មានចំណុចនេះធ្វើឲ្យអ្នកគ្រប់គ្រងពេលវេលាហើយប្រើវាមានប្រយោជន៍បំផុត

50

ពេលវេលាមិនចាំមនុស្សទេ មនុស្សទេដែលតែងតែរង់ចាំពេលវេលា។ មានមនុស្សជាច្រើនតែងតែសាងនូវកំហុស និងសកម្មភាពដែលមិនអាចធ្វើឱ្យពួកគេសម្រេចបាននូវអ្វីដែលខ្លួនចង់បាន និងចង់ជោគជ័យ។ ហើយកំហុសទាំងនោះ គឺវាកើតចេញពីការខ្ជះខ្ជាយពេលវេលា ដែលមនុស្សម្នាក់ៗមិនបានចាំអារម្មណ៍ និងសិក្សាពីការប្រើប្រាស់វាឱ្យបានត្រឹមត្រូវ ដែលជាហេតុធ្វើឱ្យយើងម្នាក់ៗបានចំណាយពេលវេលានេះអស់ជាច្រើនទៅលើសកម្មភាពឥតប្រយោជន៍។

ប៉ុន្តែសម្រាប់មនុស្សជោគជ័យវិញ ពួកគេនឹងមិនធ្វើកិច្ចការ ឬសកម្មភាពណាមួយដែលបំផ្លាញពេលវេលាដ៏មានតម្លៃរបស់ពួកគេឡើយ។ ពួកគាត់ឱ្យតម្លៃ និង លះបង់ពេលវេលារបស់ពួកគាត់ចំពោះតែសកម្មភាពណាដែលធ្វើឱ្យអាជីវកម្ម និងជំនាញរបស់ពួកគាត់រីកចម្រើនតែប៉ុណ្ណោះ។

តើនរណាដែលមិនដឹងថាពេលវេលាសំខាន់ខ្លាំង យើងអាចក្លាយជាម្ចាស់ទៅលើវត្ថុអ្វីមួយដែលមានតម្លៃរាប់លានដុល្លារបាន ប៉ុន្តែលុយរាប់លានដុល្លារនោះយកទៅទិញពេលវេលាតែមួយវិនាទីក៏មិនបានដែរ។ ដូច្នោះហើយកុំបណ្តែតបណ្តោយឱ្យពេលវេលារបស់អ្នកត្រូវរលត់បាត់ឥតប្រយោជន៍អី។ ហើយខាងក្រោមនេះជាចំណុចខ្លះៗដែលអ្នកគួរយកទៅគិតពិចារណា៖

១. មិនដែលបានរៀបចំផែនការ៖ ចំណុចសំខាន់បំផុតមួយដែលមិនអាចជួយសង្រ្គោះអ្នកពីការខ្ជះខ្ជាយពេលវេលារបស់អ្នកបាន នោះគឺអ្នកមិនដែលមានគម្រោងផែនការច្បាស់លាស់សម្រាប់ខ្លួនឯង។ កុំថាឡើយផែនការជីវិតសម្រាប់ ៥ ឬ១០ឆ្នាំទៅមុខ សូម្បីតែគម្រោងផែនការប្រចាំថ្ងៃ ឬប្រចាំសប្តាហ៍ក៏អ្នកគ្មានផង!!!!…។ ការរៀបចំផែនការពេលវេលាពិតជាសំខាន់ខ្លាំងដើម្បីជួយយើងឱ្យសម្រេចបាននូវអ្វីមួយដែលយើងចង់បាន និងចង់សម្រេចវាឱ្យបាន ប៉ុន្តែអ្នកហាក់ដូចជាមិនខ្វល់ខ្វាយ ពីបញ្ហាមួយនេះ រួចក៏អង្គុយកើតទុក ហេតុអ្វីខ្លួនឯងមិនអាចសម្រេចកិច្ចការរបស់ខ្លួនឯងបាន ស្របពេលដែលអ្នកដទៃ គេអាចធ្វើបាន។ អ៊ីចឹងហើយការរៀបចំផែនការសកម្មភាពផ្ទាល់ខ្លួនសំខាន់ខ្លាំងណាស់ដែលអ្នកត្រូវតែចាប់ផ្តើមធ្វើវា ដោយផ្តើមពីផែនការប្រចាំថ្ងៃ ឬប្រចាំសប្តាហ៍ដោយសរសេរនូវកិច្ចការសំខាន់ៗដែលអ្នកចង់សម្រេចឱ្យបានក្នុងថ្ងៃនេះ ឬសប្តាហ៍នេះ។ ហើយទាំងនេះគឺជាចំណុចអាទិភាពរបស់អ្នកដែលអ្នកគួរតែផ្តោតការយកចិត្តទុកដាក់របស់អ្នកឱ្យខ្លាំងដើម្បីឆ្ពោះទៅរកការសម្រេចឱ្យបាន។

២. ផ្តោតលើសកម្មភាពវិជ្ជមាន៖ សកម្មភាពវិជ្ជមានគឺជាអាថ៌កំបាំងនៃជីវិតជោគជ័យ។ នេះគឺជាធាតុសំខាន់មួយទៀតដើម្បីធ្វើឱ្យអ្នកខាតពេលច្រើនទៅបង្កើតសកម្មភាពដែលបង្ករឿងម៉ងសៅពេលក្រោយ។ អ្នកកុំទៅខ្ជះខ្ជាយពេលវេលារបស់អ្នកទៅលើអ្វីមួយដែលជាសកម្មភាពរំលោភដល់អ្នកដទៃ ឬសកម្មភាពអ្វីមួយដែលឥតប្រយោជន៍សម្រាប់អ្នក ហើយចំណាយពេលវេលារបស់អ្នកទៅលើសម្មកភាពបែបណាដែលបន្ថែមថាមពលដល់ជីវិតប្រចាំថ្ងៃរបស់អ្នក នោះទើបជារឿងចំាបាច់។

៣​. កុំបារម្ភអំពីរឿងដែលមិនអាចគ្រប់គ្រងបាន៖ ជារឿយៗអ្នកខ្ជះខ្ជាយពេលវេលាក្នុងការព្យាយាមផ្លាស់ប្តូរនូវអ្វីដែលអ្នកមិនអាចមានសមត្ថភាពគ្រប់គ្រងបាន ហើយនេះក៏ជាអ្វីដែលអ្នកបានចំណាយពេលច្រើនទៅគិតពីវា ដែលធ្វើឱ្យអ្នកខាតពេលអភិវឌ្ឍន៍ខ្លួនឯង។ អ្នកត្រូវដឹងថារឿងរ៉ាវដែលយើងបានជួបប្រះទាំងអស់វាមិនមែនសុទ្ធតែយើងអាចដោះស្រាយបានទាំងអស់នោះទេ ពេលខ្លះវាក៏ត្រូវការពេលវេលាមកជួសជុល ឬក៏ជាបញ្ហាអ្វីមួយដែលកើតចេញពីការធ្វេសប្រហែសរបស់អ្នកដែលបង្កជាលទ្ធផលមួយដែលធ្វើឱ្យអ្នកពិបាក (ទុកគ្រាន់ជាមេរៀនជីវិត) ហើយទុកឱ្យធម្មជាតិជាអ្នកសម្រេចចុះ។

វារឹតតែធ្វើឱ្យអ្នកពិបាក ហើយខ្ជះខ្ជាយពេលវេលា កម្លាំងកាយចិត្ត និងក្តីបារម្ភរបស់អ្នក ដែលអ្នកនៅសំងំកើតទុកនូវរឿងដែលខ្លួនមិនអាចគ្រប់គ្រងបាន។ អ្នកត្រូវដឹងថា មនុស្សជោគជ័យមិនដែលយកចិត្តទុកដាក់ទៅលើអ្វីដែលពួកគេមិនអាចគ្រប់គ្រងបាននោះទេ ព្រោះរឿងនោះវាកន្លងហួសទៅហើយ និងគួរផ្តោតទៅលើអ្វីដែលអាចរីកចម្រើនទៅមុខបាននោះទើបជារឿងចាំបាច់ដែលយើងត្រូវធ្វើ។

៤. បន្តដំណើរទៅមុខរហូត៖ ការរស់នៅក្នុងអតីតកាលវាគឺជាកំហុសមួយដែលធ្វើឱ្យអ្នកជាប់គាំងនៅក្នុងភាពងងឹតសូន្យសុងដែលមិនអាចធ្វើឱ្យអ្នកអាចឈានជើងដើរទៅមុខទៀតបាន។ ហើយនេះគឺជាអ្វីដែលអ្នកត្រូវតែបង្វឹកខ្លួនឯងឱ្យចេញផុតពីរឿងអតីតកាលឥតប្រយោជន៍នេះចោល ។ អ្នកមិនគួរនៅសោកស្តាយនូវអ្វីដែលបានធ្វើខុសពីអតីតកាលនោះទេ ព្រោះវាគ្មានប្រយោជន៍។ ហើយអ្វីដែលអ្នកគួរធ្វើនោះគឺគួររៀនពីកំហុសឆ្គងទាំងនោះ ហើយបន្តទៅមុខទៀត។

៥. កុំនៅជាមួយមនុស្សអវិជ្ជមាន៖ ដើម្បីធ្វើអ្វីមួយដែលអ្នកពេញចិត្តចង់ធ្វើ និងកុំឱ្យខាតពេលវេលាទៅគិតច្រើនពីសម្តីអវិជ្ជមានរបស់មនុស្សទាំងនោះ អ្នកគួរណាស់នៅឱ្យឆ្ងាយពីប្រភេទមនុស្សទាំងនេះ ដែលតែងតែបន្ទោសបង្អក់ពីអ្វីដែលអ្នកចង់សម្រេច។ ហើយមនុស្សដែលអ្នកគួរនៅជិត និងគួររៀនសូត្រតាមនោះគឺមនុស្សមានចំណេះដឹងល្អៗ និងមនុស្សដែលគិតរឿងវិជ្ជាមានច្រើនដើម្បីស្រូបយកនូវចំណេះដឹង និងជំនាញជាច្រើនដែលអ្នកត្រូវរៀន នោះទើបជារឿងល្អ។

៦. កុំលេងល្បែងប្រៀបធៀប៖ នៅពេលអ្នកចាប់ផ្តើមប្រៀបធៀបសមិទ្ធផលរបស់អ្នកជាមួយនឹងសមិទ្ធផលរបស់អ្នកដទៃ នោះអ្នកនឹងចាប់ផ្តើមបាត់បង់ទំនុកចិត្តលើខ្លួនឯង នេះគឺជារឿងយ៉ាប់បំផុតដែលអ្នកកំពុងគិតបែបនេះ ដែលជាហេតុធ្វើឱ្យខាតទាំងពេលវេលា និងខាតទាំងការគិតរបស់អ្នកផងដែរ។ អ្នកត្រូវដឹងថាមនុស្សខុសគ្នា គោលបំណង និងក្តីស្រម៉ៃក៏ខុសគ្នាដែរ អ៊ីចឹងគួរណាស់អ្នកត្រូវយកពេលទៅគិតលើខ្លួនឯងវិញទើបល្អ។ ព្រោះថា មនុស្សជោគជ័យ ពួកគាត់យកការប្រៀបធៀបនេះ ទៅប្រៀបធៀបនឹងសមិទ្ធិផលរបស់ពួកគាត់ពីមុន និងឥលូវនេះវាខុសគ្នាត្រង់ណា? រីកចម្រើនអ្វីខ្លះ? និងត្រូវកែតម្រូវអ្វីខ្លះ? នេះទើបជាការប្រៀបធៀបមួយដ៏ល្អដែលអ្នកគួរស្វែងយល់ និងសិក្សាឱ្យខ្លាំងទៅលើខ្លួនឯង៕