អគ្គនាយកដ្ឋានពន្ធដារ ព្រមានពីការជាប់ទោសរហូត ៥ ឆ្នាំ ចំពោះអ្នកដែលគេចវេះមិនព្រមបង់ពន្ឋ

27

ភ្នំពេញ៖  កាល​ថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០១៩ នេះ អគ្គនាយកដ្ឋាន​ពន្ធដា​រ បានចេញ​សេចក្តីជូនដំណឹង​ស្តីពី​វិធានការ​ទប់ស្កាត់​ការ​គេចវេះ​ពន្ធ និង​ការប្រព្រឹត្ត​បទល្មើស​ព្រហ្មទណ្ឌ​លើ​បទ​ប្បញ្ញត្តិ​ស្តីពី​ពន្ធដារ អាច​ជាប់ទោស​ពី ១ ឆ្នាំ ដល់ ៥ ឆ្នាំ។

យោងតាម​សេ​ក្តី​ជូនដំណឹង​របស់​អគ្គនាយក​ដ្ឋា​ន​ពន្ធដារ ដែលចុះហេត្ថលេខាដោយ ឯកឧត្តម គង់ វិបុល ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ មានសេចក្ដីថា កន្លងមក​អគ្គនាយក​ដ្ឋា​ន​ពន្ធដារ​បានកត់សម្គាល់​ឃើញថា មាន​បុគ្គល​មួយចំនួន បាន​អូសទាញ​បោក បញ្ឆោត​បុគ្គល​ផ្សេងទៀត​ដែលមាន​ការយល់ដឹង​ទាប ឲ្យ​ឈរឈ្មោះ​ជា​ម្ចាស់​ភាគហ៊ុន និង​ជា​អភិបាល បង្កើត​ក្រុមហ៊ុន​នៅ​ក្រសួងពាណិជ្ជកម្ម និង​ចុះបញ្ជី​ពន្ធដារ​នៅ​អគ្គនាយកដ្ឋាន​ពន្ធដារ ​ដើម្បី​ទទួលបាន​វិញ្ញាបនបត្រ​ចុះបញ្ជី​អាករ​លើ​តម្លៃបន្ថែម ដើម្បី​យកទៅ​ប្រើប្រាស់​ចេញ​វិក្កយបត្រ​ក្លែងក្លាយ​ទៅឱ្យ​ក្រុមហ៊ុន​មួយ​ផ្សេងទៀត ក្នុង​គោលបំណង​ក្លែងបន្លំ​ដាក់បញ្ចូល​ជា​ឥណទាន​អាករ​លើ​ធាតុ​ចូល​សម្រាប់​កាត់កង​អាករ​លើ​ធាតុ​ចេញ និង​បញ្ចូល​ជា​បន្ទុក​ចំណាយ​ដើម្បី​កាត់​បន្ថយពន្ធ​លើ​ប្រាក់ចំណូល។

ចំពោះរឿងនេះ អគ្គ​នាយដ្ឋាន​ពន្ធដារ​បញ្ជាក់​ថា​ សកម្ម​ភាព​ប្រព្រឹត្តិ​បទល្មើស​គេចវេះ​ ដូច​មាន​ចែង​នៅក្នុង​មាត្រា​ ១២៧​ នៃ​ច្បាប់​ស្តី​ពី​សារពើពន្ធ​ ដែល​ត្រូវ​រង​ការ​ផ្តន្ទា​ទោស​តាម​មាត្រា​ ១៣៥​ នៃ​ច្បាប់​ស្តី​ពី​សារពើពន្ធ​ដែល​បាន​ចែងថា​ “ ដោយ​មិន​គិតដល់​ទោសទណ្ឌ​ផ្សេងទៀត​ អភិបាល​ បណ្ណាធិការ​ កម្មសិទ្ធិករ​របស់​សហគ្រាស​ណាមួយ​ ឬបុគ្គល​ទទួល​ខុសត្រូវ​ឱ្យ​សហគ្រាស​ណាមួយ​ដែល​បាន​ប្រព្រឹត្ត​អំពើ​គេចវេះ​ពន្ធ​ដូ​មាន​ចែង​ក្នុង​មាត្រា​ ១២៧​ នៃ​ច្បាប់​នេះ​ត្រូវ​រង​ការ​ផ្តន្ទា​ទោសពិន័យ​ជា​ប្រាក់​ពី​ ១០​ ០០០​ ០០០​ រៀល​ ( ដប់លាន​រៀល​) ដល់​ ២០​ ០០០​ ០០០​ រៀល​ (ម្ភៃ​លាន​រៀល​) ឬ ជាប់ពន្ធ​ធនាគារ​ពី​ ១ ឆ្នាំ​ ដល់​ ៥ ឆ្នាំ​ ឬទោស​ទាំងពីរ​នេះ​” និង​បទល្មើស​ផ្នែក​ព្រហ្មទណ្ឌ​ លើ​បទប្បញ្ញត្តិ​ស្តី​ពី​ពន្ធដារ​ដូច​មាន​ចែង​ក្នុង​មាត្រា​ ១២៨​ និង​ ១២៩​ នៃ​ច្បាប់​ស្តី​ពី​សារពើពន្ធ​ ដែល​ត្រូវ​រង​ការ​ផ្តន្ទា​ទោស​តាម​មាត្រា​ ១៣៦​ នៃ​ច្បាប់​ស្តី​ពី​សារពើពន្ធ​ដែល​បាន​ចែងថា​៖

“ដោយ​មិន​គិតដល់​ទោសទណ្ឌ​ផ្សេងទៀត​ បុគ្គល​ណា​ដែល​បាន​ប្រព្រឹត្តិ​អំពើ​រាំងស្ទះ​ ដល់​ការអនុវត្ត​បទប្បញ្ញត្តិ​ស្តី​ពី​ពន្ធដារ​ ដូច​មាន​ចែង​ក្នុង​មាត្រា​ ១២៨​ នៃ​ច្បាប់​នេះ​ ត្រូវ​រង​ការ​ផ្តន្ទា​ទោសពិន័យ​ជា​ប្រាក់​ពី​ ៥ ០០០​ ០០០​ រៀល​ (ប្រាំ​លាន​រៀល​) ដល់​ ១០​ ០០០​ ០០០​ រៀល​ (ដប់លាន​រៀល​) ឬ ជាប់ពន្ធ​នា​គារ​ពី​ ១ ខែ​ ដល់​ ១ ឆ្នាំ​ ឬ ទោស​ទាំងពីរ​នេះ​” ។

ខាងក្រោមនេះ ​សេចក្តីទាំងមូលនៃការជូនដំណឹងស្តីពី វិធានការទប់ស្កាត់ការគេចវេះពន្ធនិងការប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ​លើបទប្បញ្ញត្តិស្តីពីពន្ធដារ របស់អគ្គនាយកដ្ឋានពន្ធដារ។