រាជរដ្ឋាភិបាលកម្ពុជា បានខិតខំលើកកម្ពស់សិទ្ធិទទួល​ព័ត៌មានឱ្យកាន់តែល្អប្រសើរ

30

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងព័ត៌មាន អះអាងថា រាជរដ្ឋាភិបាលកម្ពុជា បានខិតខំលើកកម្ពស់សិទ្ធិទទួល​ព័ត៌មានឱ្យកាន់តែល្អប្រសើឡើងដើម្បីធ្វើយ៉ាងណាឱ្យសាធារណៈជនទទួលបាននូវព័ត៌មានពីស្ថាប័នសាធារណៈគ្រប់ជ្រុងជ្រោយ។ ថ្លែងក្នុងកម្មវិធី ទិវាអន្ដរជាតិសម្រាប់សិទ្ធិទទួលព័ត៌មានជាសកលឆ្នាំ២០១៩ ស្តីពី ”សិទ្ធិទទួលព័ត៌មាន គ្មាននរណាម្នាក់ត្រូវបានបំភ្លេចចោល!”

នាសណ្ឋាគារសូហ្វីតែល ភ្នំពេញ ភូគីត្រា កាលពីថ្ងៃទី០៨ ខែតុលា ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន បានលើកឡើងថា សិទ្ធិទទួលព័ត៌មានជាសកល មានសារៈសំខាន់ និងមានអត្ថន័យ ដែលរាជរដ្ឋាភិបាលកម្ពុជា បានខិតខំយកចិត្តដាក់ ក្នុងការធ្វើឱ្យប្រសើរឡើងនូវសិទ្ធិទទួលព័ត៌មាន របស់ប្រជាពលរដ្ឋតាមរយៈ ការបង្កើតនូវយន្តការចាំបាច់នានាជាច្រើន ក្នុងការផ្តល់ព័ត៌មានជូនសាធារណជន៖

« សិទ្ធិទទួលព័ត៌មានធំជាងអំពីសេរីភាពសារព័ត៌មានឆ្ងាយណាស់ ខ្ញុំលើកឧទាហរណ៍មួយ តើមានផលប្រយោជន៍អ្វីខ្លះ ចំពោះសិទ្ធិទទួលព័ត៌មាន នឹងសេរីភាពសារព័ត៌មាន? សិទ្ធព័ត៌មាននេះទី១ ផលប្រយោជន៍សមូលភាព ឧទាហរណ៍នៅក្នុងស្រុកមួយគេដេញថ្លៃធ្វើផ្លូវ ប្រជាជនមានសិទ្ធិ ឲ្យសួរថាម៉េចបានឲ្យក្រុមហ៊ុននេះ ម៉េចបានឲ្យក្រុមហ៊ុននោះ សុំមើលឯកសារទាំងអស់នោះ បានភស្តុតាងអី ឬមួយរាជរដ្ឋាភិបាលនេះត្រូវទិញឡានដឹកជញ្ជូន មិនទិញឡានពីបារាំងទេ ទៅទិញអាមេរិកទេ ទៅទិញពីចិន ដែលគេសួរថា ហេតុអ្វីបានទៅទិញបានពីចិន? ម៉េចបានទៅទិញអាមេរិក? សូមឯកសារនិងយ៉ាងម៉េចបានគេយល់ព្រម? អាហ្នឹងគឺជាសេរីភាពសារព័ត៌មានហើយ។

តើសិទ្ធិហើយប្រយោជន៍បុគ្គលយ៉ាងម៉េច ខ្ញុំលើកឧទាហរណ៍មួយ យើងមានបងប្អូនមួយទៅពេទ្យស្លាប់ នៅពេទ្យ យើងមានសិទ្ធិសុំមើលឯកសារទៅមើលត្រកូលពេទ្យ មើលបងប្រុសខ្ញុំយ៉ាងម៉េចខ្លះ យើងអាចសុំឯកសារហ្នឹងដើម្បីយកឲ្យអ្នកឯកទេសមួយទៀត ដើម្បីគេមើលថា ពេទ្យហ្នឹងមើលអ្នកជំងឺ បងប្អូនយើង ត្រឹមត្រូវតាមវិធីសាស្រ្តនោះទេ នេះផលប្រយោជន៍នៃសិទ្ធិការទទួលបានព័ត៌មាន»។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម រដ្ឋមន្រ្តី បានផ្តល់អនុសាសន៍មួយចំនួនដល់អង្គវេទិកា ដើម្បីជាធាតុចូលក្នុងកិច្ចពិភាក្សា ស្តីពីការលើកកម្ពស់សិទ្ធិទទួលព័ត៌មាន ដើម្បីធានាបាននូវការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា ដែលរួមមាន ត្រូវបង្កើននូវកិច្ចសហប្រតិបត្តិការ រវាងដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ អង្គការ ក្រៅរដ្ឋាភិបាលនិងស្ថាប័នពាក់ព័ន្ធនានា ដើម្បីធានាបាននូវសិទ្ធិទទួលព័ត៌មាន សម្រាប់ទាំងអស់គ្នាក្នុងយុគសម័យ ឌីជីថល៕