(Update)លេីកទី១ហេីយដែលលោក ឈាង វុន ត្រូវបានគេប្តឹងទៅតុលាការចំនួន ៨បទល្មើស (មានវីដេអូ)

38

ភ្នំពេញ៖ លោក ហ៊ាង គឹមស្រឿន អ្នកវិភាគសង្គមមិនសូវល្បីឈ្មោះមួយរូប កាលពីរសៀលថ្ងៃទី៧ ខែតុលា ម្សិលមិញនេះ បានដាក់ពាក្យបណ្តឹងព្រហ្មទណ្ឌមួយប្តឹងលោក ឈាង វុន តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា ចូលព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ចំនួន ៨បទល្មើស ពាក់ព័ន្ធការចោទប្រកាន់ថា បងប្អូន កម្មករ កម្មការិនី ធ្វើពុតជាឈឺបណ្តាលអោយបាត់បង់ថវិការដ្ឋ ។ ក្នុងពាក្យបណ្តឹងនេះ លោក ហ៊ាង គឹមស្រឿន បានសំណូរពរចំនួន ៣ចំណុច ៖

ទី១,សុំអោយលោក ឈាង វុន បង្ហាញឯកសារ គ្រប់ការចោទប្រកាន់មកលើបងប្អូន កម្មករ កម្មការិនី និង គ្រូពេទ្យ ដែលថាបានចេញវេជ្ជបញ្ជាក្រោមហេតុផល ថា ធ្វើពុតជាឈឺចំពោះមុខតុលាការ និង បង្ហាញជាសាធារណៈដល់មហាជន ។ ទី២,សុំអោយឈ្មោះ ឈាង វុន សុំទោសដល់បងប្អូន កម្មករ កម្មការិនី និងគ្រូពេទ្យ ជាសាធារណៈ ។ ទី៣,សុំអោយមានការចោទប្រកាន់ឈ្មោះ ឈាង វុន ទៅតាមនីតិវិធីច្បាប់ជាធរមាន ។ បន្ថែមពីលើពាក្យបណ្តឹងនេះ លោក ហ៊ាង គឹមស្រឿន ថ្លែងថា “គេរកមិនរក ក៏យើងទទួលបានផលពីអំណាចប្រមូលផ្តុំ និង បញ្ជាក់ពីតុលាការមិនឯករាជ្យវាស្ថិតនៅលើអំណាចមនុស្សតែម្នាក់ និងសម្រាប់ជំរុញទឹកចិត្តអោយកកូនខ្មែរយើងមានភាពក្លាហានធ្វើទៅលើមន្ត្រីដែលប្រើសិទ្ធិអំណាចមកលើរាស្ត្រ ទន់ខ្សោយ”។

ទោះបីយ៉ាងណា លោក ឈាង វុន ថ្លែងថា “ខ្ញុំមិនបានចោទប្រកាន់កម្មករ កម្មការិនីទាំងអស់ ឃុបឃិតកេងប្រវ័ញ្ចលុយរដ្ឋនោះទេ”។ លោក ឈាង វុន សរសេរតាមបណ្តាញសង្គមហ្វេសប៊ុក ថា ខ្ញុំបានលើកក្នុងសន្និសីទសារព័ត៌មានអំពីការពិភាក្សាក្នុងគណ:កម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាដែលបានជជែកគ្នាយ៉ាងច្រើនក្នុងបញ្ហាសន្តិសុខសង្គមដោយមានមតិលើកឡើងពីការបាត់បង់ថវិការដ្ឋ ប្រាក់របស់កម្មករកម្មការិនីនិងថៅកែ ដែលបានបង់ចូលក្នុងហិបនៃរបបសន្តិសុខសង្គម ព្រោះមានការស៊ុមគ្រលំគ្នា ពីមន្ត្រីពេទ្យនិងមន្ត្រីបេឡា រួមទាំងកម្មករកម្មការិនីមួយចំនួនដែលធ្វើពុតជាឈឺ។

“នេះគឺជាកិច្ចពិភាក្សានៅក្នុងគណ:កម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ហើយក៏មិនមែនជាមតិរបស់ខ្ញុំដែរ។តួនាទីអ្នកនាំពាក្យ គឺត្រូវផ្តល់ព័ត៌មានពិតនិងច្បាស់លាស់។ខ្ញុំធ្វើកិច្ចការខ្ញុំដែលរដ្ឋសភាបានចាត់តាំង”។ គួររម្លឹកថាកាល ពីថ្ងៃទី០២ ខែតុលា លោក ឈាង វុន បានលើកឡើងថា ប្រាក់ចំណូលរដ្ឋ ត្រូវបានបាត់បង់ តាមរយៈការឃុបឃិត ក្លែងបន្លំ ពាក់ព័ន្ធ នឹងអ្នកដែល ធ្វើពុតជាឈឺ ដើម្បីទទួលបានការឈប់សម្រាក ពីការងារ ។

លោកថា គ្រូពេទ្យ និងអ្នកជំងឺ ឃុបឃិតគ្នា ដោយការចែកលុយដែលបានពីបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) ដោយគ្រូពេទ្យចេញ វិក្កយបត្រសម្រាប់ការព្យាបាល ។ ការលើកឡើងរបស់លោក ឈាង វុន បែបនេះបានធ្វើអោយមហាជនជាច្រើនបានធ្វើការរិះគន់ជាខ្លាំង លើបណ្តាញសង្គម ជាក់ស្តែងក្នុងនោះក៏មានបងប្អូនកម្មករ កម្មការនី ជាច្រើនមិនសុខចិត្តនឹងមានការខឹងសម្បារយ៉ាងខ្លាំង ហេីយពួកគាត់បានចេញមុខប្រកាសក្តែងៗឲ្យលោក ឈាង វុន ចេញមុខសុំទោសជាសាធារណៈបន្ទាន់ ចំពោះពាក្យសម្តីដែលចោទប្រកាន់ធ្ងន់ៗថាកម្មករ ធ្វើពុតជាឈឺ កេងបន្លំប្រាក់ (ប.ស.ស)៕