សិស្សនិទ្ទេស A ទទួលបានអទិភាពមុនគេ នូវព្រះរាជទានកាក់អនុស្សាវរីយ៍ ខួប១៥ឆ្នាំ នៃការឡើងគ្រងរាជ្យសម្បត្តិ និងក្រដាសប្រាក់ ១៥០០០រៀល

0
631

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យថ្មីមួយ ដោយសម្រេចអនុញ្ញាតឲ្យចេញផ្សាយ ធ្វើចរាចរ និងប្រើប្រាស់ទូទាំងប្រទេសកម្ពុជា នូវក្រដាសប្រាក់រៀល ប្រភេទ ១៥០០០រៀល ដែលទើបចេញថ្មី។ នេះបេីយោងតាមប្រសាសន៍របស់សម្តេចតេជោ ដែលបានលេីកឡេីងក្នុងពិធីសំណេះសំណាល ជាមួយបេក្ខជននិទ្ទេស A នាព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៩ នេះនៅវិមានសន្តិភាព។

សម្តេចតេជោ បានបញ្ជាក់បន្ថែមថា៖ ការសម្រេចបោះពុម្ពក្រដាសប្រាក់គំរូថ្មី ១៥០០០រៀល របស់រាជរដ្ឋាភិបាលកម្ពុជា ធ្វើឡើងដើម្បីអបអរសាទរ ក្នុងឱកាសព្រះរាជពិធីបុណ្យគម្រប់ខួប១៥ព្រះវស្សា នៃការយាងគ្រងព្រះបរមសិរីរាជ្យសម្បត្តិ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។ ជាមួយគ្នានេះក្នុងអនុក្រឹត្យ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ឲ្យធនាគារជាតិនៃកម្ពុជា ចេញសេចក្តីប្រកាស ដើម្បីផ្សព្វផ្សាយពីលក្ខណៈសម្គាល់នៃក្រដាសប្រាក់ប្រភេទ ១៥០០០រៀលថ្មីនេះផងដែរ។

ក្នុងពិធីសំណេះសំណាលដែរ សម្តេចតេជោ បានបញ្ជាក់បន្ថែមថា សម្តេចនឹងផ្តល់ជូនក្រដាសប្រាក់ ១៥០០០៛ នេះជូនដល់សិស្សនិទ្ទេស A ទាំង ៤៤៣នាក់ ជាអទិភាពបានប្រេីប្រាស់មុនគេ ជាកាដូរអនុស្សាវវីយ៍ និងជាការលេីកទឹកចិត្ត។ អ្វីដែលពិសេសនោះ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចម៉ែ បានសព្វព្រះរាជហរទ័យ ប្រោសព្រះរាជទានកាក់អនុស្សាវរីយ៍ អបអរខួប១៥ឆ្នាំ នៃការឡើងគ្រងរាជ្យសម្បត្តិ ដល់សិស្សនិទ្ទេស A ឆ្នាំ២០១៩ នេះផងដែរ។

សូមជម្រាបថា នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ ២០១៩ ខាងមុខនេះ គឺជាព្រះរាជពិធីបុណ្យខួបលើកទី១៥ នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិ របស់ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី៕

LEAVE A REPLY

Please enter your comment!
Please enter your name here