ក្រុមហ៊ុន FACEBOOK នឹងបង្កើតមូលនិធិជួយវិស័យអប់រំបែបឌីជីថលនៅកម្ពុជា

0
766

ភ្នំពេញ៖ ខណៈប្រទេសកម្ពុជា កំពុងធ្វើដំណើរឆ្ពោះទៅរកការធ្វើកំណែទម្រង់សេដ្ឋកិច្ចបែបឌីជីថល ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់នោះ ក្រសួងអប់រំ យុវជន និងកីឡា បានពិនិត្យ ពិភាក្សា ក្នុងការធ្វើកិច្ចសហការជាមួយក្រុមហ៊ុន Facebook ដើម្បីរៀបចំ គោលនយោបាយស្ដីពីការអប់រំបែបឌីជីថល។

កិច្ចពិភាក្សានេះបានប្រព្រឹត្តទៅក្រោមការដឹកនាំដោយឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដោយចូលរួមពិភាក្សាពីសំណាក់លោកបណ្ឌិត ហេង ភក្ដី នាយកផ្នែកគោលនយោបាយសាធារណៈប្រចាំក្រុមហ៊ុន Facebook ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតឡាវ នាព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៩ នៅទីស្ដីការក្រសួងអប់រំ យុវជន និងកីឡា។

តាមរយៈកិច្ចសហការនេះ ក្រសួងអប់រំ យុវជន និងកីឡា និងក្រុមហ៊ុន Facebook មានគោលដៅបង្កើតក្រុមការងារក្រោមការផ្ដល់មូលនិធិពីក្រុមហ៊ុន Facebook ដើម្បីអភិវឌ្ឍគោលនយោបាយជាតិស្ដីពីការអប់រំបែបឌីជីថល ដែលនឹងផ្ដល់ជាទិសដៅយុទ្ធសាស្ត្រ ដើម្បីសម្រេចតាមផែនការការងារ និងផ្ដល់នូវគោលការណ៍សម្រាប់ភាគីពាក់ព័ន្ធ ដើម្បីរួមគ្នាលើកកម្ពស់ការអប់រំបែបឌីជីថល តាមរយៈយន្តការប្រកបដោយប្រសិទ្ធភាព៕

LEAVE A REPLY

Please enter your comment!
Please enter your name here