(Update)៖ អ្នកដឹកនាំរឿងថៃត្រៀមប្ដឹងអ្នកដឹកនាំរឿងខ្មែរ ក្រោយផ្ទុះការរិះគន់រឿង ពិសស្នេហ៍

149

(ភ្នំពេញ)៖ ភ្លើងកាន់តែឆេះហើយពេលនេះក្នុងចិត្តនឹងអ្នកគាំទ្ររឿងខ្មែរដែលបញ្ចាំងលើស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ៥ ដែលខាងភាគីថៃយកមកប្រៀបធៀបគ្នា ជាភស្ដុតាងដែលបង្ហាញថាខ្មែរកំពុងតែធ្វើការចម្លងខ្សែវីដេអូដែលថៃនិពន្ធមកទាំងស្រុង ដើម្បីថត និងចាក់ផ្សាយទូរទស្សន៍ដោយឥតខ្មាសអៀន ដែលមានប្រជាពលរដ្ឋប្រទេសថៃជាច្រើនចូលដើម្បីធ្វើការរិះគន់ និងចំអកទៅកាន់អ្នកដឹកនាំសម្ដែងរឿងដែលមានលំនាំរឿងថៃដែលមានឈ្មោះថា ភិសវ៉ាត់ នាពេលថ្មីៗនេះ ។  

ពាក់ព័ន្ធការចោទថារឿងភាគទូរទស្សន៍ខ្មែរ “ពិសស្នេហ៍” របស់ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៥ បានលួចចម្លងរឿងពីរឿងល្បីរបស់របស់ថៃ “Pidsawat” នៅពេលនេះក៏មានព័ត៌មានចុះផ្សាយថា អ្នកដឹកនាំក្នុងរឿងថៃមួយនេះកំពុងរៀបចំឯកសារប្ដឹងផ្ដល់ហើយ។

កាលពីថ្ងៃទី៣ ខែតុលា ម្សិលមិញនេះ អ្នកលេងបណ្ដាញសង្គមថៃបានបង្ហោះរូបភាពប្រៀបធៀបរវាងរឿងថៃ និងរឿងខ្មែរទាំងពីរ គឺរឿងភាគទូរទស្សន៍ “ពិសស្នេហ៍” ដែលសម្តែងដោយកញ្ញា ព្រះកាយច័ន្ទ, ទឹម រដ្ឋា និងលោក សូ ឆានី ថាមានឈុតឆាកដូចគ្នាបេះបិទទៅនឹងរឿងភាគថៃ “Pidsawat” ដែលសម្តែងដោយ Nune Woranut និង Pong Nawat។ ការបង្ហោះនេះបានបង្កឲ្យមានការរិះគន់យ៉ាងខ្លាំងពីសំណាក់ប្រជាជនថៃមកលើភាគីកម្ពុជា។

ក្រុមអ្នកលេងបណ្ដាញសង្គមថៃបានចោទប្រកាន់ធ្ងន់ៗថាសាច់រឿងខាងលើនេះត្រូវបានលួចចម្លងពីរឿងថៃសុទ្ធសាធ និងសង្ស័យថាមិនបានទិញកម្មសិទ្ធិបញ្ញាយកមកផលិតឡើងវិញនោះឡើយ។ តាមការចុះផ្សាយចុងក្រោយពីសារព័ត៌មាន Kapook នៅពេលនេះ លោក Peeramon Chomdhavat ដែលជាអ្នកដឹកនាំមួយរូបក្នុងរឿងភាគថៃ “Pidsawat” កំពុងតែរៀបចំឯកសារប្ដឹងតវ៉ាហើយចំពោះករណីនេះ។ តែយើងនៅមិនទាន់ឃើញមានការចរចាឬនិយាយគ្នាពីភាគីខ្មែរយើងយ៉ាងណានោះទេ។