ភ្នំពេញ​៖ ការ​ក្លាយជា​ភ្នាក់ងារ​អចលនទ្រព្យ​មួយ​រូប​ មិន​ពិបាក​ទេ​ តែ​ដើម្បី​ក្លាយជា​អ្នកទទួល​បាន​ជោគជ័យ​ ក៏​មិនមែន​ជា​រឿង​សាមញ្ញ​ពេកដែរ​ ប៉ុន្តែ​ការ​ខិតខំ​ប្រឹងប្រែង​សិក្សា​រៀនសូត្រ​ មាន​ទំនាក់ទំនង​ល្អ​ និ​ងអាកប្ប​កិរិយា​ល្អ ជា​រឿង​មិន​អាច​ខ្វះ​បាន​។ យោង​តាមការចែករំលែកបទបិសោធន៍ពីភ្នាក់ងារ​អចលនទ្រព្យជោគជ័យភាគច្រើន បាន​ឲ្យដឹង​ថា​ ការ​មាន​ភាព​ស្មោះត្រង់​ មានទំនួលខុសត្រូវខ្ពស់​ និងការបង្កើត​បណ្តាញក្រុម​ការងារ ​ពិតជា​មាន​សារៈសំខាន់​ណាស់ ដើម្បី​កំណត់​ភាព​ជោគជ័យ​ក្នុង​ការងារ​របស់​ខ្លួន​។ ដូច្នេះ បើសិនជាអ្នកចង់​ក្លាយជា​ភ្នាក់ងារ​អចលនទ្រព្យដ៏ជោគជ័យមួយរូប ត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍ ៤ចំណុច​សំ​ខាន់​ៗខាងក្រោម៖

១. ការ​ទទួល​បាន​អាជ្ញាប័ណ្ណ​

ការបង្កើត​ជំនួញ​មួយ​ មិនមែន​ចេះតែ​ធ្វើ​នោះ​ទេ​ តែ​ត្រូវ​មាន​ក្រុមហ៊ុន​មួយ​ដែល​ត្រូវ​មាន​អាជ្ញា​ប័ណ្ណ​ច្បាស់លាស់​ ព្រោះ​អាជ្ញាប័ណ្ណ​មាន​សារៈសំខាន់​ណាស់​ដើម្បី​ផ្តល់​ទំនុកចិត្ត​ដល់​អតិថិជន​ និង​ក្រុមហ៊ុន​ដៃគូ​របស់​ខ្លួន​។ លើស​ពីនេះ​ ក្រុមហ៊ុន​ភ្នាក់ងារ​នេះ​ ត្រូវ​រៀបចំខ្លួន​សម្រាប់​ការ​ប្រឡង​ទាក់ទង​នឹង​វិស័យ​អចលនទ្រព្យ​។

២. ការបង្កើត​ក្រុម​ការងារបណ្តាញ

បើ​ចង់ទៅ​លឿន​ ត្រូវ​ដើរ​ម្នាក់ឯង​ តែបើ​ចង់ទៅ​មុខ​ដោយ​ជោគជ័យ​និង​ប្រកបដោយ​និរន្តរភាព​ ត្រូវ​ធ្វើជា​ក្រុម​។ ការងារ​ជា​ក្រុម​ និង​ការបង្កើត​បណ្តាញ​ជំនួញ​ជា​ការងារ​មួយ​ ដែល​មិន​អាច​មើល​រំលង​បាន​ ដើម្បី​ពង្រីក​ការ​ផ្សព្វផ្សាយ​ពី​ផលិតផល​របស់​ខ្លួន​ និង​អាច​រួមចំណែក​ជួយគ្នា​ទៅវិញទៅមក​នៅក្នុង​ក្រុម​។ ដោយសារ​សេដ្ឋកិច្ច​បាន​ឈាន​ដល់​បដិវត្តន៍​បច្ចេកវិទ្យា​ ដែល​ជា​ដំណាក់កាល​ទី៤​ នៃ​សេដ្ឋកិច្ច​ ការបង្កើត​បណ្តាញ​ផ្សព្វផ្សាយ​ពី​ក្រុមហ៊ុន​ ពី​ផលិតផល​របស់​ខ្លួន​តាមរយៈ​បច្ចេកវិទ្យា​ ជា​រឿង​ដែល​មិន​អាច​ធ្វើមិនដឹង​មិន​ឮ​ឡើយ​។ បច្ចុប្បន្ន​បច្ចេកវិទ្យា​កំពុង​ដើរតួ​នាទី​យ៉ាង​សំខាន់​ ក្នុង​វិស័យ​ជំនួញ​ ព្រោះ​បច្ចេកវិទ្យា​ កំពុង​មានការ​ពេញនិយម​នៅ​លើ​ពិភពលោក​។ ហេតុនេះ​ការបង្កើតវេប​យសាយ​ ឬគេហទំព័រ​ផ្ទាល់ខ្លួន​ ដើម្បី​ពង្រីក​ការ​ផ្សព្វផ្សាយ​ផលិតផល​របស់​ខ្លួន​ ពិតជា​មាន​សារៈ​សំខាន់​​មិន​អាច​ខ្វះ​បាន​ក្នុង​ការ​ឆ្ពោះទៅ​មុខ​។

៣. ធ្វើ​ទីផ្សារ​ដោយខ្លួនឯង​

គ្មាន​អ្នកណា​ធ្វើ​ទីផ្សារ​ជំនួស​យើង​បាន​នោះ​ទេ​ ទីផ្សារ​នៅ​ទីនេះ​សំដៅលើ​ការ​បង្កើន​កិត្យានុភាព​របស់​ក្រុមហ៊ុន​ ឬធ្វើឲ្យ​ក្រុមហ៊ុន​របស់​យើង​មានការ​ទទួលស្គាល់​ទូលំទូលាយ​ក្នុង​ស្រទាប់​មហាជន​ និង​អតិថិជន​គោលដៅ​។ ហេតុនេះ​ម្ចាស់​ក្រុមហ៊ុន​ ភ្នាក់ងារ​អចលនវត្ថុ ​ឬក្រុមហ៊ុន​ជំនួញ​ផ្សេងទៀត​ ត្រូវ​ បង្កើត​កាលវិភាគ​សម្រាប់​ការស្វែងរក​ព័ត៌មាន​ និង​អតិថិជន​ ចូលរួម​ជួយ​ដល់​ការងារ​ក្នុង​សហគមន៍​។ រក្សា​ទំនាក់ទំនង​ល្អជា​មួយ​អតិថិជន​ចាស់​ ព្រោះ ​75​ភាគរយ ​នៃ​អាជីវកម្ម​សម្រាប់​ក្រុមហ៊ុន​ទិញ​-លក់​អចលនទ្រព្យ ​ជាទូទៅ​បាន​មក​ពី​ការ​ណែ​នាំ​តៗ​គ្នា​។ “ក្នុងនាម​ជា​អ្នកលក់​អចលនទ្រព្យ​ ការ​លក់ខ្លួន​ឯង​បានសម្រេច​គឺជា​រឿង​សំខាន់​បំផុត​”

៤. ធ្វើជា​អ្នក​សិក្សា​ពេញ​មួយ​ជីវិត​

មនុស្ស​ជោគជ័យ​ មិនដែល​បញ្ចប់​ការសិក្សា​នោះ​ឡើយ​ ព្រោះ​ការ​បញ្ចប់​ការសិក្សា​មានន័យថា​ ធ្វើឲ្យ​ខ្លួនឯង​ក្រេស​ក្រិន​ លែង​ចង់​ដើរទៅ​មុខ​ទៀត​ ហេតុនេះ​ អ្វី​ដែល​ត្រូវ​ធ្វើ​គឺ​ហ៊ុំ​ព័ទ្ធ​ខ្លួន​អ្នកជា​មួយ​អ្នក​នៅក្នុង​វិស័យ​នេះ​។ ការ​ធ្វើការ​ជាមួយ​មនុស្ស​ នៅក្នុង​វិស័យ​អចលនទ្រព្យ​ ផ្ដល់​ឱ្យ​អ្នក​នូវ​បណ្តាញ​នៃ​អ្នកជំនាញ​ដើម្បី​ស្វែងរក​អចលនទ្រព្យ​បាន​ល្អ​។ ការសិក្សា​ដើម្បី​ពង្រីក​ចំណេះដឹង​របស់​ខ្លួន​ យើង​អាច​ចូលរួម​ក្នុង​សិក្ខាសាលា​ទាក់ទងនឹងអចលនទ្រព្យ។ ចូល​សង្កេត​និន្នាការ​ទីផ្សារ​ និង​តាមដានឲ្យបានជាប់លាប់​ ព្រោះថាទីផ្សារ​អចលនទ្រព្យ​ត្រូវ​បាន​ផ្លាស់​ប្តូរ​ជានិច្ច​៕

LEAVE A REPLY

Please enter your comment!
Please enter your name here