ហេតុអីបានជាយើងក្រ ហើយគេមាន?

73

មនុស្សរស់នៅតែងតែប្រាថ្នាចង់មានចង់បាន ចង់មានសុភមង្គលរស់នៅស្រួលអ្វីដែលមនុស្សគ្រប់គ្នាខ្លាច គឺខ្លាចក្រ ខ្លាចគេមើលងាយ ខ្លាចគេមិនឲ្យតម្លៃខ្លួនឯង។ ជីវិតយើង យើងជាអ្នកដឹកនាំ យើងជាអ្នកច្នៃប្រឌិតវាឲ្យល្អឬអាក្រក់វាមិនមែនស្ថិតនៅលើមាត់អ្នកដទៃនោះទេ គឺស្ថិតនៅលើខ្លួនយើងផ្ទាល់ជាអ្នកកំណត់។ បើអ្នកចង់បានអ្វីមួយខំធ្វើវាទៅ ហើយផ្តោតលើវាទៅកុំបោះបង់វាដោយងាយៗ ថ្ងៃណាមួយវានឹងបានផលមិនខាន។

មានធ្លាប់សួរខ្លួនឯងទេ ហេតុអ្វីបានជាយើងក្រ? ហេតុអីបានជាគេមិនចង់សេពគប់ជាមួយនឹងយើង? ហេតុអីបានជាយើងខំដែរ តែនៅតែក្រ មិនមានបានដូចគេ? ហេតុដែលធ្វើឲ្យយើងក្រមានដូចតទៅនេះ។

ខ្ចិលច្រអូស ចង់មានតែខ្ចិល មិនខំរកចំណេះ មិនខំរៀនពីវិធីរកលុយ ខ្ចិលអភិវឌ្ឍខ្លួនឯង ដេកស្ពឹកដល់ថ្ងៃចាំងគូថ ចូលចិត្តមានលេសមិនចេះឈប់ លេសនេះលេសនោះ ដោះសារយកតែរួចខ្លួន បែបនេះកុំសង្ឃឹមថាមាន។

ចាយលុយមិនចេះគិត ចូលចិត្តទិញរបស់របរមិនចាំបាច់ទិញតាមតែចិត្តនឹកឃើញ ប្រើរបស់មិនចេះថែរក្សាវាឲ្យល្អ ខ្ជះខ្ជាយមិនចេះសន្សំសំចៃ ចូលចិត្តជួបជុំស៊ីផឹកអត់ប្រយោជន៍ អំនួតក្អេងក្អាង គិតថាខ្លួនអស្ចារ្យ ចង់ឲ្យគេសរសើរថាខ្លួនជាអ្នកមាន ពេលដែលគេសរសើរលើកជើងតែបន្តិចមានអ្វីក៏បញ្ចេញមកអស់ដែរ។

មិនអភិវឌ្ឍនៅចំណេះដែលអាចធ្វើឲ្យខ្លួនអាចរកលុយបានបន្ថែម ជាការពិតណាមនុស្សយើងភាគច្រើនក្រគឺត្រង់ចំណុចនេះឯង គិតថាធ្វើការនៅក្រុមហ៊ុនមួយហើយអាចទទួលបានប្រាក់ខែល្មមគឺគេនឹងធ្វើការនៅទីនោះរហូតក៏មាន។ មនុស្សគិតសុញ មិនរកអ្វីដែលថ្មីអាចឲ្យខ្លួនឯងរីកចម្រើនគិតថាប៉ុណ្ណឹងគ្រប់គ្រាន់នឹងអាចរស់បានហើយ។ មនុស្សបែបនេះគេគិតថាបានត្រឹមតែរស់ ហូបមួយឆ្អែតតែក្នុងរង្វង់គ្រួសារគេតែប៉ុណ្ណោះ។

សន្សំលុយដែរ តែមិនយកទៅវិនិយោគ ការចេះសន្សំលុយទុកវាជារឿងដែលល្អមួយហើយ តែបើមិនប្រើលុយដែលបានសន្សំទុកនោះយកទៅបង្កើនប្រាក់ចំណូលបន្ថែមទេ​លុយដែលបានសន្សំទុកនោះប្រៀបបានទៅនឹងក្រដាស់ដែលគ្មានប្រយោជន៍។ ហេតុអ្វីបានជាខ្ញុំនិយាយបែបនេះ? លុយវាសំខាន់នៅពេលដែលយើងចាំបាច់ត្រូវប្រើវាតែប៉ុណ្ណោះ បើយើងមិនមានតម្រូវការលុយក៏មិនសំខាន់ដែរ។ តើខ្ញុំនិយាយត្រូវទេ យើងក្រមកពីយើងមិនហ៊ានក្នុងការវិនិយោគ ឯអ្នកដែលមានលុយភាគច្រើនគេហ៊ានធ្វើការវិនិយោគ។