ភ្នំពេញ៖ ប្រិយមិត្តច្បាស់ជាជ្រាបរួចមកហើយថា អតីតម្ចាស់ផលិតកម្ម KH promotion លោក គឹម ហេង បានបាត់មុខពីពិភពសិល្បៈបន្ទាប់ពីផលិតកម្មបិទទ្វារ ដោយលោកប្រើជីវិតសាមញ្ញដាំដុះបន្លែផ្លែឈើ ក្នុងនាមជាអ្នកចំការមួយរូប។ ក្នុងនោះលោក គឹម ហេង ក៏បានមកកាន់ក្រុងភ្នំពេញ ដើម្បីប្រកបរបរអាជីវកម្មតាមដងផ្លូវ នៅតាមផ្លូវជាតិលេខ១ ហួសបូរីប៉េងហួត ដោយលក់ភេសជ្ជៈ អាវភ្លៀង និងម៉ាស ដោយអាជីវកម្មនេះលោកចំណាយទុន៥០០ដុល្លារ និងជួលដីនៅមុខផ្ទះគេក្នុងមួយខែ ១០០ដុល្លារ។ រឿងដែលធ្វឹីឲ្យគេភ្ញាក់ផ្អេីលនោះ គឺលោកបានសរសេររ៉ាយរ៉ាប់ក្នុងហ្វសប៊ុកផ្ទាល់ខ្លួនរបស់លោកថា៖ “អតីតកាលជាថៅកែផលិតកម្មភាពយន្តដ៏ល្បី បើកអាជីវកម្មថ្មីហើយ ចំណាយដើមទុនអស់ជាងប្រាំរយដូល្លា ជួលមុខផ្ទះគេមួយខែមួយរយដូល្លា មិនដឹងមិចម៉ាទេលោកអើយ សូមបងប្អូនធ្វើដំណើរតាមផ្លូវជាតិលេខ១ ហួសបូរីប៉េងហួតបន្តិចសូមជួយទិញខ្ញុំផង មានលក់ភេសជ្ជគ្រប់មុខ លក់តែរាយទេ អាវភ្លៀង ម៉ាសមុខ ជាពិសេសបងៗប្អូនៗសិល្បៈករ ក្រុមបច្ចេកទេសភាពយន្តដែលស្គាល់ខ្ញុំជិះកាត់កុំភ្លេចឈប់ជួយទិញខ្ញុំផង អរគុណ មនុស្សអ្នកធ្វើ ទេវតាអ្នកមើល មនុស្សល្អទាំងអស់គ្នា ។”

បន្ទាប់ពីមានដំណឹងនេះធ្វើឲ្យមហាជនជាច្រើនមានការភ្ញាក់ផ្អើលជាខ្លាំង ក្នុងនោះ អ្នកនាង សុខ ស្រីនាង ដែលធ្លាប់ជ្រកក្នុងផលិតកម្ម KH ក៏បានបង្ហាញការភ្ញាក់ផ្អើល ដោយសឹងតែមិនជឿថា ម្ចាស់ផលិតកម្ម KH ជាអ្នកមានគុណដែលផ្តល់កន្លែងឲ្យច្រៀងស្រាប់តែ ឥឡូវបែជាមកអង្គុយលក់ទឹកសុទ្ធ មោងភេសជ្ជៈនៅតាមដងផ្លូវវិញ។ ដោយ សុខ ស្រីនាង បានសរសេររៀបរាប់ថា៖ “តេីវាជារឿងពិត ឫយ៉ាងណា?? ខ្ញុំសឹងតែមិនជឿ​ my boss ខ្ញុំមិនដែលភ្លេចទេ​ ថាគាត់​ (ហ៊ាគឹមហេងហេីយនឹងភរិយា)​ គឺជាអ្នកមានគុណដំបូង​ ដែលបានផ្តល់​កន្លែងអោយខ្ញុំបានច្រៀង​ បានក្លាយទៅជាតារាចម្រៀងមកដល់សព្វថ្ងៃនេះ បេីគ្មានពួកគាត់ក៏ប្រហែលជាពុកម៉ែបងប្អូនមិនស្គាល់នាងខ្ញុំដែរ​ ខ្ញុំចង់ជួបគាត់ណាស់​ ហ៊ា….!!! សង្ឃឹមបានជួបហ៊ាឆាប់ៗនេះ…RespectMyboss KHpromotion”។ 

សូមជម្រាបថា៖ ផលិតកម្ម KH Promotion គឺជាផលិតកម្មដ៏​ល្បី​ឈ្មោះមួយកាលពី​ជិត​២០​ឆ្នាំ​មុន ដែលមានលោក គឹម ហេង ជាម្ចាស់ផលិតកម្ម និង មានតារាល្បីជាច្រេីនរូប ដូចជាលោក សាន្ត ផានិត, សុខ ពិសី, សុខ ស្រីនាង, លោក ហ្សូណូ ជាដើម ហេីយបច្ចុប្បន្នពួកគេកំពុងច្រៀងនៅតាមផលិតកម្មល្បីក្នុងប្រទេសកម្ពុជារៀងៗខ្លួនផងដែរ ។ 

ដោយឡែកក្រោយពីផលិតកម្ម KH Promotion បានបិទទ្វារ ម្ចាស់ផលិតកម្មខាងលើ លោក គឹម ហេង ក៏បានបាត់ខ្លួនក្នុងអាជីពសិល្បៈមួយរយៈធំ សឹងតែធ្វេីឲ្យគេភ្លេចរូបលោកទៅហេីយ ស្រាប់​តែ​ឥឡូវនេះត្រូវ​បាន​គេភ្ញាក់ផ្អេីល​ បន្ទាប់ពីរូបលោក​បានលេចមុខមកវិញម្តងទៀតតាមបណ្តាញសង្គមហ្វេសប៊ុក ប៉ុន្តែស្ថិតក្នុងអាជីវកម្មខុសឆ្ងាយពីមុន ដែលមិនគួរឲ្យជឿ ថាគ្រួសារគាត់ធ្លាក់ក្នុងស្ថានភាពគួរឲ្យអាណិតបែបនេះ៕