ចិន ៖ ខេត្តក្វាងស៊ី គឺជាខេត្តមួយក្នុងចំណោមខេត្ត ដទៃទៀត ដែលមានដៃគូពាណិជ្ជកម្មសំខាន់ សម្រាប់ កម្ពុជា ដោយទំហំពាណិជ្ជកម្ម កាលពី ឆ្នាំ២០១៨ មាន ចំនួន ៥៤លានដុល្លារ ហើយនឹងកើនឡើង ប្រហែល ៨០លាន ដុល្លារ អាម៉េរិក ក្នុង ឆ្នាំ២០១៩ ។

រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មលោក ឈួន ដារ៉ា បានបង្ហាញអំពីកាលានុវត្តភាព និងសក្តានុពល វិនិយោគរបស់កម្ពុជា ដល់សហគមន៍ធុរកិច្ចខេត្តក្វាង ស៊ី ប្រទេសចិន ដើម្បីទាក់ទាញការវិនិយោគថ្មីៗបន្ថែម ទៀត សំដៅបង្កើតឱកាសការងារជូនប្រជាពលរដ្ឋ និង ពង្រឹងទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី កម្ពុជា -ចិន ស្របតាមចក្ខុវិស័យរបស់ប្រមុខរាជរដ្ឋាភិបាល នៃ ប្រទេសទាំងពីរ ។

ការលើកឡើងខាងលើនេះ ធ្វើឡើងនៅក្នុងឱកាស ដែលលោកត្រូវបានអញ្ជើញជាអធិបតីភាព ក្នុងវេទិកា ជំរុញធុរកិច្ចវិនិយោគ និងទេសចរណ៍ស្ដីពី “កម្ពុជា កសាងទិសដៅថ្មី ដើម្បីទាក់ទាញធុរជន វិនិយោគិន និង អ្នកទេសចរពីប្រទេសចិន” នៅក្នុងព្រឹត្តិការណ៍ ពិព័រណ៍ អាស៊ាន -ចិន លើក ទី១៦ កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩ នៅទីក្រុងណាននីង ខេត្តក្វាងស៊ី។

លោក ឈួន ដារ៉ា បានមានប្រសាសន៍ថា “កម្ពុជា នៅតែមានសក្តានុពលលើការវិនិយោគ វឌ្ឍនភាព នៃ កំណើនសេដ្ឋកិច្ចជាតិ និងកិច្ចប្រឹងប្រែង របស់ក្រសួង ពាណិជ្ជកម្ម ក្នុងការលើកស្ទួយ បរិយាកាស ធុរកិច្ច វិនិយោគ ជួយសម្រួលពាណិជ្ជកម្ម នៅក្នុងប្រទេស កម្ពុជា ដល់សហគមន៍ ធុរកិច្ចខេត្តក្វាងស៊ី ”។

លោកបានបន្តទៀតថា “កម្ពុជា បានធ្វើកំណែទម្រង់ និង វិធានការសំខាន់ៗមួយចំនួន ដើម្បីជួយសម្រួល ប្រតិបត្តិការធុរកិច្ចរបស់ផ្នែកឯកជន សំដៅពង្រឹង ឯករាជ ភាព និង ឧត្តមភាព ប្រកួតប្រជែង របស់កម្ពុជា នៅលើឆាកអន្តរជាតិ។ ជាពិសេសទាក់ទាញការប ណ្ដាក់ទុនថ្មីៗពីបរទេស លើវិស័យសំខាន់ៗ។ ដែលបានកំណត់នៅក្នុងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល”។ បន្ថែមលើស ពីនេះ លោកក៏បានអំពាវនាវដល់ធុរជន វិនិយោគិន និង អ្នកទេសចរនៅសាធារណរដ្ឋ ប្រជាមានិតចិន ជាពិសេសនៅខេត្តក្វាងស៊ី អញ្ជើញមកទស្សនកិច្ច និង ធ្វើការ វិនិយោគនៅ ព្រះរាជាណាចក្រកម្ពុជា ៕