ភ្នំពេញ៖ តាំង មានរិទ្ធ ជានិស្សិតពោរពេញដោយការតស៊ូរហូតរៀនចប់បរិញ្ញាបត្រ ជំនាញគ្រប់គ្រងរដ្ឋបាល នៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា បានឆ្លងកាត់ជីវិតក្រីក្រលំបាកវេទនា តាំងពីនៅតូច មិនដែលស្គាល់អាហារឆ្ងាញ់ រស់នៅស្រួល ដូចគេនោះទេ។

តាំង មានរិទ្ធ ជាយុវជនដ៏ក្រីក្រមួយរូបមកពីភូមិឥន្ទកុមារ ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។  គាត់មានបងប្អូន៨នាក់ ហើយគាត់ជាកូនទី៥ រស់នៅជាមួយម្តាយពិការ ដែលត្រូវឪពុកចាកចេញចោល តាំងពីគាត់នៅក្មេងមកម្លេះ ហេីយបច្ចុប្បន្នគាត់មានអាយុ ២៩ឆ្នាំហើយ ។ រំឭកទៅអតីតកាល តាំង មានរិទ្ធ បានឲ្យដឹងថា កាលដើមឡើយក្រុមគ្រួសាររបស់ពួកគេមានជីវភាពសមរម្យដូចប្រជាពលរដ្ឋទូទៅនៅក្នុងភូមិ មានដីសម្រាប់ធ្វើស្រែធ្វើចំការ និងមានសត្វចិញ្ចឹមគោក្របី ផងដែរ។ ជាអកុសលនៅអំឡុងពេល តាំង មានរិទ្ធ រៀនថ្នាក់ទី៦ ជីវភាពគ្រួសារក៏ត្រូវបានប្រែប្រួល បន្ទាប់ពីម្តាយរបស់គាត់ធ្លាក់ខ្លួនពិការ ដោយសារទាស់សរសៃពេលត្រូវទឹកភ្លៀងក្រោយពេលឆ្លងទន្លេកូនចុងក្រោយ។ តាំង មានរិទ្ធ បានរៀបរាប់ទាំងទឹកភ្នែកហូររហាមថា ព្រោះតែចង់ព្យាបាលម្តាយ គ្រួសារគាត់បានលក់ដីស្រែ គោក្របី ដែលមានរហូតដល់អស់ពីខ្លួន។

ក្រោយគ្រួសារធ្លាក់ក្នុងជីវភាពយ៉ាប់យ៉ឺនបងៗរបស់ តាំង មានរិទ្ធ បានសម្រេចបោះបង់ការសិក្សា ទៅស្វែងរកការងារធ្វើ ដើម្បីផ្គត់ផ្គង់គ្រួសារ។ តាំង មានរិទ្ធ បានរៀបរាប់បន្តថា រូបគេបានដើរស៊ីឈ្នួលរកប្រាក់មកបំពេញការសិក្សា និងជួយគ្រួសារ តាំងពីរៀនថ្នាក់ទី៦មកម្ល៉េះ។ ពោលពេលសម្រាកពីការសិក្សា ពួកគេតែងស្វែងរកការងារធ្វើ ដោយពេលខ្លះស៊ីឈ្នួលធ្វើសំណង់ ដកស្ទូង ច្រូតកាត់ស្រូវ និង ពេលខ្លះលាងរថយន្តនៅតាមព្រំដែនថៃក៏មាន។ យុវជន ដែលពោរពេញដោយការតស៊ូរូបនេះ បានបញ្ជាក់ដូច្នេះ «នៅពេលម្តាយខ្ញុំចាប់ផ្តើមឈឺ អ៊ីចឹងទាំងដីស្រែ ទាំងគោក្របី ត្រូវបានលក់អស់ ដើម្បីព្យាបាលគាត់។ អំឡុងពេលនោះ ខ្ញុំរៀននៅបឋមសិក្សា នៅពេលដែលម្តាយខ្ញុំធ្លាក់ខ្លួនឈឺគ្រប់យ៉ាង គឺខ្ញុំត្រូវដើរធ្វើការឲ្យគេ ដូចជាធ្វើការសំណង់ ទៅច្រូតកាត់ ដកស្ទូង ក្រៅពីនឹងទៅលាងឡានឲ្យគេនៅទល់ដែនថៃ។ មែនទែនទៅខ្ញុំមិនដែលនិយាយរឿងទុកលំបាកឲ្យម៉ែគាត់ដឹងទេ ពីព្រោះខ្លាចគាត់បារម្ភ»។ មានរិទ្ធ បន្តថា «ទោះពេលខ្ញុំទៅដល់ណា ក៏ខ្ញុំនៅតែគិតការរៀន។ ពេលខ្ញុំចប់ថ្នាក់ទី៦ ខ្ញុំចូលទី៧ គឺត្រូវឆ្លងភូមិទៅរៀននៅភូមិគេ។ ពេលនោះគ្រួសារធ្លាក់ខ្លួនក្រមែនទែន បងៗឈប់រៀនអស់ហើយសល់តែខ្ញុំ អ៊ីចឹងគាត់ផ្តាំថា កូនឯងត្រូវតែខំរៀន បើមិនរៀនទេគ្រួសារយើងនៅតែអ៊ីចឹង។ អ៊ីចឹងខ្ញុំមានទឹកចិត្តមួយត្រូវតែខំរៀន ទោះបីឧបសគ្គខ្ញុំត្រូវទៅធ្វើជាកូនចៅគេ ពេលខ្លះអត់បាយអត់ទឹក គឺដើម្បីរកលុយជួយម៉ែ និងខ្លះយកទៅរៀនរហូតដល់បន្តចប់ថ្នាក់ទី១២»។

យុវជន មានរិទ្ធ បានរំលឹកថា ក្រោយពេលបានប្រឡងជាប់មធ្យមសិក្សាទុតិយភូមិ ឬហៅថាបាក់ឌុបនោះ រូបគេគ្មានសង្ឃឹម បានបន្តការសិក្សានៅមហាវិទ្យាល័យឡេីយ ហើយក៏បានសម្រេចទៅធ្វើការងារនៅខេត្តសៀមរាប ដោយធ្វើជាអ្នករត់តុតាមភោជនីយដ្ឋាននៅពេលថ្ងៃ និងរត់តុនៅតាមក្លិបក្នុងពេយប់។ 

ប៉ុន្តែសំណាងមកដល់! មនុស្សល្អពិតជាទេវតាតាមជួយ ដោយថ្ងៃមួយ ស្រាប់តែមានក្រុមសិក្សានៃមជ្ឈមណ្ឌលសិក្សាអប់រំយុវជន និងព្រះពុទ្ធសាសនា ដែលមានលោកព្រឹទ្ធាចារ្យបញ្ឌិត កុល ផេង ជាប្រធាន បានចូលដល់ស្រុករបស់ តាំង មានរិទ្ធ ហើយតាមរយៈមជ្ឈមណ្ឌលនោះ ក៏មានការផ្តល់អាហារូបករណ៍ផងដែរ។ ទីបំផុត តាំង មានរិទ្ធ ក៏បានជាប់អាហារូបករណ៍ ទៅសិក្សានៅសាកលវិទ្យាល័យបញ្ញាសាស្រ្ត ក្នុងចំណោមសិស្សជ័យលាភី ៥រូប បន្ទាប់ពីបានប្រកួតប្រជែងជាមួយបេក្ខជន បេក្ខនារីប្រមាណ ៤ពាន់នាក់។ ថ្វីត្បិតបានទទួលបានអាហារូបករណ៍ មានកន្លែងរៀន និងកន្លែងស្នាក់នៅ តែថវិកាសម្រាប់ចាយវាយក្នុងការសិក្សាយុវជន តាំង មានរិទ្ធ មិនមាននោះឡើយ ជាហេតុជំរុញឲ្យយុវជនស្រឡាញ់ការសិក្សារូបនេះ បន្តធ្វើការតាមភោជនីយដ្ឋាននៅក្នុងរាជធានីភ្នំពេញ ដើម្បីបានថវិកា សិក្សាបន្ត។

នៅក្នុងការសិក្សាដែលគ្មានថវិកាជាប់ខ្លួនសោះ មានរិទ្ធ ស្ទើរតែបោះបង់ការសិក្សាម្តងម្កាលផងដែរ នៅពេលជួបការ លំបាកម្តងៗ តែដោយសារតែពាក្យដាស់តឿនរបស់ម្តាយ និងការនឹកគិតថា ក្នុងនាមជាកូនអ្នកក្រគ្មាន អ្វីអាចជួយជីវិតឲ្យបានប្រសើរក្រៅពីការសិក្សានោះ ទើបធ្វើឲ្យរូបគេមានកម្លាំងចិត្តប្រឹងប្រែងចាប់យកការរៀនសូត្របន្ត។

តាំង មានរិទ្ធ បាបរៀបរាប់ទាំងអួលដេីមកដូច្នេះ «ម៉ែនទែនទៅ! ឧបសគ្គមានពេលខ្លះសឹងបោះបង់ចោលប៉ុន្តែនៅតែនឹកឃើញមួយថា ដើម្បីកែប្រែជីវភាពគ្រួសារ ដើម្បីឲ្យម៉ែមានក្តីសុខ ដើម្បីឲ្យម៉ែសប្បាយចិត្ត គឺមានតែការរៀនសូត្រមួយទេ ដែលអាចកែប្រែបាន អាចលើកតម្កើងកិត្តិយសគ្រួសារ នៅក្នុងស្រុកភូមិនេះ បើគេដឹងថា ខ្ញុំចប់បរិញ្ញាបត្រ រៀនបានខ្ពង់ខ្ពស់ គឺមានមោទនភាពមិនត្រឹមតែខ្ញុំទេ គ្រួសារខ្ញុំ ក៏មានមោទនភាព។ មួយទៀត ខ្ញុំខំជម្នះខ្លួនឯងឲ្យបាន ពីព្រោះខ្ញុំគិតថា បើខ្ញុំមិនរៀនទេ ខ្ញុំទៅធ្វើការឲ្យគេ ជាកូនចៅគេ គឺអត់មានការកែប្រែទេ ថ្មើនេះបើសិនជាខ្ញុំមិនខំតស៊ូរៀន ខ្ញុំកំពុងលាងឡានឲ្យគេ ខ្ញុំកំពុងរត់តុឲ្យគេ។ ប៉ុន្តែពេលនេះ ខ្ញុំអាចកែប្រែជីវិតរបស់ខ្ញុំ ពីអ្នកលាងឡាន ពីអ្នករត់តុ ពីកម្មករសំណង់ ដែលគេធ្លាប់តែថាឲ្យ ឥឡូវក្លាយជាយុវជនមួយ ជនគំរូមួយសម្រាប់យុវជនខ្មែររបស់យើង»។

បើទោះបីជាការសិក្សាជួបការលំបាកយ៉ាងណាក្តីមានរិទ្ធ មិនដែលទម្លាយពីទុក្ខលំបាករបស់ខ្លួនឲ្យមិត្តភក្តិ ក៏ដូចជាមនុស្ស នៅជុំវិញខ្លួនបានដឹងនោះឡើយ។ ទើបតែថ្ងៃទី២២ ខែមករា ឆ្នាំ២០១៧ កន្លងទៅនេះ បន្ទាប់ពីទទួល បានសញ្ញាបត្រហើយ តាំង មានរិទ្ធ បានឱបសញ្ញាបត្រទៅប្រគល់ជូនម្តាយពិការនៅផ្ទះ និងក្រាបសំពះអរគុណម្តាយ ហើយបានថតរូបប៉ុន្មានសន្លឹកបង្ហោះតាមបណ្តាញសង្គម Facebook បានធ្វើឲ្យមិត្តភក្តិ សាស្រ្តាចារ្យ  រួមទាំងព្រឹទ្ធាចារ្យ  កុល ផេង សាកលវិទ្យាធិការសាកលវិទ្យាល័យបញ្ញាសាស្រ្តផងដែរ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ភ្ញាក់ផ្អើលដោយសារបាន ដឹងពីទុក្ខលំបាក និងស្ថានភាពពិត នៃជីវិតគ្រួសាររបស់យុវជន មានរិទ្ធ។

កាយវិការយកសញ្ញាបត្រជូនម្តាយ និងក្រាបសំពះ ម្តាយរបស់ មានរិទ្ធ ក៏បានធ្វើឲ្យអ្នកលេងបណ្តាញសង្គម Facebook កោតស្ញប់ស្ញែង ចំពោះការដឹងគុណប្រកបដោយធម៌កតញ្ញូរបស់គេផងដែរ។

ក្នុងថ្ងៃដែលនិស្សិតបញ្ញាសាស្រ្តទទួលសញ្ញាបត្រ គេម្នាក់ៗសប្បាយរីករាយ និងនាំគ្នាថតរូបថតជួបជុំគ្រួសារទុកជាអនុស្សាវរីយ៍គ្រប់ៗគ្នា តែក្រឡេកមកនិស្សិតដ៏កំសត់ម្នាក់នេះ គ្រាន់តែទទួលសញ្ញាបត្ររួចភ្លាម មានរិទ្ធ បានអោបសញ្ញាបត្រខ្លួនប្រញ៉ាប់ធ្វើដំណើរពីភ្នំពេញទៅខេត្តកំពង់ធំ ដែលជាទឹកដីកំណើត ដេីម្បីយកសញ្ញាបត្រជូនម្ដាយដែលកំពុងទន្ទឹមរង់ចាំនៅផ្ទះ។ 

មានរិទ្ធ បានវៀបរាប់ទាំងខ្សឹបខ្សួលដូច្នេះ «នេះគឺជារឿងមួយ ដែលម្តាយខ្ញុំគាត់រង់ចាំអស់រយៈពេលជាច្រើនឆ្នាំ គាត់តែងសួរថា កូនឯងពេលណាចប់? នៅពេលខ្ញុំដឹងដំណឹងថា ខ្ញុំត្រូវទទួលសញ្ញាបត្រនៅថ្ងៃទី២២ ខែមករា ២០១៧ ខ្ញុំបានផ្តល់ដំណឹងឲ្យគាត់ភ្លាមៗថា ម៉ែកូនចប់សញ្ញាបត្រហើយ ចង់ឲ្យម៉ែមកចូលរួមអបអរកូននៅ ទីក្រុងភ្នំពេញ។ ដំបូងម៉ែថា គាត់អៀនអត់ហ៊ានទៅទេ តែដោយសារឃើញការខិតខំប្រឹងប្រែងរបស់កូន គាត់ថា ម៉ែទៅ។ ប៉ុន្តែទីបំផុតខ្ញុំរកលុយអត់បាន ដាច់លុយអត់មានលុយឲ្យគាត់ទៅចូលរួមនៅទីក្រុងភ្នំពេញ ទើបពេលបានសញ្ញាបត្រភ្លាម អ្នកទី១ ដែលចង់ប្រាប់ គឺម៉ែ ចង់ឲ្យម៉ែអបអរ តែទីបំផុតគាត់មិននៅក្នុងឱកាសនោះទេ។ ខ្ញុំក៏សម្រេចចិត្តកាន់សញ្ញាបត្រ និងឯកសណ្ឋានរបស់សាលាយកមកឲ្យគាត់ ឲ្យគាត់បានឃើញថា នេះជាលទ្ធផល នៃការប្រឹងរៀនរបស់កូនប៉ុន្មានឆ្នាំ។ នៅពេលទៅដល់ផ្ទះ ដោយសារយប់ជ្រៅ ម៉ែនិយាយថា កូនមករស់នៅភ្នំពេញយូរធំប៉ុណ្ណាហើយ ហើយម៉ែពិតជាចង់ឃើញសញ្ញាបត្រនោះខ្លាំងណាស់ តឬយប់គាត់មេីលមិនឃេីញ គាត់សុំស្ទាបមេីល។ លុះព្រឹកឡើងទេីបខ្ញុំ លុតជង្គង់មុខគាត់ និងយកសញ្ញាបត្រជូនម្ដាយ ហើយទាំងម្ដាយ និងខ្ញុំផ្ទាល់បានស្រក់ទឹកភ្នែករំភើបចិត្ត រកពាក្យអ្វីនិយាយមិនបាន មានតែទឹកភ្នែកនេះហើយជួយបញ្ជាក់ពីទំហំនៃក្ដីស្រឡាញ់ម៉ែ និងបានថតរូបខ្លះធ្វេីការចែករំលែកអំពីទឹកចិត្តពិតរបស់ខ្ញុំ»។

បើទោះបីតស៊ូរហូតបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រទៅហើយក្តី តែបំណងសិក្សារបស់ តាំង មានរិទ្ធ មិនទាន់បញ្ចប់នៅឡើយទេ។ បច្ចុប្បន្នយុវជន តាំង មានរិទ្ធ មានបំណងដាក់អាហារូបករណ៍ យកការសិក្សាថ្នាក់អនុបណ្ឌិត នៅក្រៅប្រទេស បន្ថែមទៀត។ មានរិទ្ធ ក៏នៅមានក្តីស្រម៉ៃធំមួយទៀត គឺការប្រឹងប្រែងនាំយកក្តីសុខ និងក្តីរីករាយជូនម្តាយរបស់គេ ហើយនិងចង់សង់ផ្ទះសមរម្យមួយជូនម្តាយរបស់គេ។

យុវជន ដែលកំពុងត្រូវបានគេប្រសិទ្ធនាមជានិមិត្តរូបនៃការតស៊ូសម្រាប់ការសិក្សា តាំង មានរិទ្ធ ក៏មានពាក្យពេចន៍មួយចំនួនផ្ញើទៅដល់ យុវជនផងដែរ។ យុវជន តាំង មានរិទ្ធ បានលើកទឹកចិត្តដល់យុវជនខ្មែរទាំងអស់ត្រូវប្រឹងប្រែងតស៊ូ និងជម្នះរាល់ឧបសគ្គ ដើម្បីចាប់យក ចំណេះវិជ្ជា ព្រោះមានតែចំណេះវិជ្ជាប៉ុណ្ណោះ អាចកែប្រែជីវិតឲ្យឆ្ពោះទៅរកអនាគតមួយល្អប្រសើរ។

មានរិទ្ធ បានផ្តាំផ្ញើទៅយុវជនយ៉ាងដូច្នេះ «មែនទែនទៅនៅពេលដែលខ្ញុំឈានមកដល់ដំណាក់កាលនេះ មនុស្សគ្រប់គ្នាគេចាត់ទុកខ្ញុំជាមនុស្សគំរូ សម្រាប់យុវជន សម្រាប់ក្មេងៗជំនាន់ក្រោយ។ វាជាការពិតក្មេងៗមួយចំនួនគាត់អត់ដឹងទេថា តើការតស៊ូហ្នឹងយ៉ាងម៉េច ពេលទៅរៀនគាត់ថា ហ្អឺរៀនទៅ ចប់ទៅធ្វើស្រែដដែល រៀនទៅចប់ទៅធ្វើជាកម្មករគេដដែលមិនដឹងជាទៅណាទៅទៀត។ អ៊ីចឹងវាធ្វើឲ្យការតស៊ូរៀ និង ការសិក្សារបស់ពួកគេធ្លាក់ចុះ ឆន្ទៈនៃការតស៊ូប្រឹងរៀនហ្នឹងគឺធ្លាក់ចុះ។ មួយវិញទៀតខ្ញុំមានសារផ្ញើជូនទៅ ដល់យុវជនជំនាន់ក្រោយ ឬក៏ប្អូនៗជំនាន់ក្រោយឲ្យតស៊ូរៀនសូត្រ នៅក្នុងឆន្ទៈរបស់ខ្ញុំ ខ្ញុំគិតថា មានតែការរៀនសូត្រមួយទេ ដែលធ្វើឲ្យយើងអាចកែប្រែអ្វីៗគ្រប់បែបយ៉ាង អាចកែប្រែអ្វីៗ ដែលយើងចង់បាន»។ 

ការសិក្សា បេីរាប់តាំងពីថ្នាក់ទី១ រហូតបញ្ចប់ថ្នាក់បរិញ្ញាបត្រ ដែលមានរយៈពេលយ៉ាងតិចបំផុត ១៦ឆ្នាំ វាមិនមែនជារឿងងាយស្រួល និងសាមញ្ញនោះឡើយ សម្រាប់ជីវិតជាអ្នកសិក្សា នេះរាប់ត្រឹមអ្នកមានជីវភាពសមរម្យឡើងទៅ។ ការសិក្សារហូត ដល់បញ្ចប់ថ្នាក់បរិញ្ញាបត្រនេះ វារឹត តែលំបាកថែមទៀត សម្រាប់អ្នកសិក្សាមានកម្រិតយ៉ាប់យឺន ឬនិយាយដោយភាសាសាមញ្ញថាក្រីក្រខ្លាំងនោះ បើមិនតស៊ូ មិនអត់ធ្មត់ មិនប្រឹងជម្នះរាល់ការលំបាកទាំងឡាយទេ ប្រហែលជាគ្មានថ្ងៃបានកាន់សញ្ញាបត្របរិញ្ញាក្នុងដៃនោះឡើយ។ ហេតុដូច្នេះហេីយ បន្ទាប់ពីអ្នករាល់គ្នាបានអាន និងបានដឹងពីប្រវត្តិតស៊ូពិតរបស់ យុវជន តាំង មានរិទ្ធ រួចហេីយ តេីមានអារម្មណ៍យល់យ៉ាងណា?

LEAVE A REPLY

Please enter your comment!
Please enter your name here