ភ្នំពេញ៖ ផលិតកម្ម KH Promotion ដ៏​ល្បី​កាលពី​ជិត​២០​ឆ្នាំ​មុន ដែលមានលោក គឹម ហេង ជាម្ចាស់ផលិតកម្ម និង មានតារាល្បីជាច្រេីនរូប ដូចជាលោក សាន្ត ផានិត, សុខ ពិសី, សុខ ស្រីនាង, លោក ហ្សូណូ ជាដើម ហេីយបច្ចុប្បន្នពួកគេកំពុងច្រៀងនៅតាមផលិតកម្មល្បីក្នុងប្រទេសកម្ពុជារៀងៗខ្លួនផងដែរ ។ 

ដោយឡែកក្រោយពីផលិតកម្ម KH Promotion បានបិទទ្វារ ម្ចាស់ផលិតកម្មខាងលើ លោក គឹម ហេង ក៏បានបាត់ខ្លួនក្នុងអាជីពសិល្បៈមួយរយៈធំ សឹងតែធ្វេីឲ្យគេភ្លេចរូបលោកក្នុងពិភពគុនទៅហេីយ ស្រាប់​តែ​ឥឡូវនេះត្រូវ​បាន​គេភ្ញាក់ផ្អេីល​ប្រទះ​ឃើញរូបលោក​ទៅ​អង្គុយ​លក់​ទឹក​សុទ្ធ និង​ភេសជ្ជៈ​ផ្សេង​ៗ​​យ៉ាង​សាមញ្ញ​នៅ​តំបន់​ច្បារ​អំពៅទៅវិញ ។ នេះបើតាមគណនេយ្យហ្វសបុករបស់លោក​បាន​សរសេរ​បង្ហោះឲ្យដឹងថា៖ នេះ​គឺ​ជា​អាជីវកម្ម​ថ្មី​របស់​លោក ដោយ​ទើប​នឹង​ចាប់​ផ្ដើម​លក់​ប៉ុណ្ណោះ ក្នុង​នោះ​លោក​បាន​ចំណាយ​ដើម​ទុន​អស់ ៥០០​ដុល្លារ​លើ​អាជីវកម្ម​នេះ និង​បាន​ជួល​ដី​ចំណែក​មុខ​ផ្ទះ​គេ​ដើម្បី​ដំណើរ​ការ​អាជីវកម្ម ១ខែ ១០០​ដុល្លារ។ ខាងក្រោមនេះជាសំណេររ​បស់លោក៖ អតីតកាលជាថៅកែផលិតកម្មភាពយន្តដ៏ល្បី បើកអាជីវកម្មថ្មីហើយ ចំណាយដើមទុនអស់ជាងប្រាំរយដូល្លា ជួលមុខផ្ទះគេមួយខែមួយរយដូល្លា មិនដឹងមិចម៉ាទេលោកអើយ សូមបងប្អូនធ្វើដំណើរតាមផ្លូវជាតិលេខ១ ហួសបូរីប៉េងហួតបន្តិចសូមជួយទិញខ្ញុំផង មានលក់ភេសជ្ជគ្រប់មុខ លក់តែរាយទេ អាវភ្លៀង ម៉ាសមុខ ជាពិសេសបងៗប្អូនៗសិល្បៈករ ក្រុមបច្ចេកទេសភាពយន្តដែលស្គាល់ខ្ញុំជិះកាត់កុំភ្លេចឈប់ជួយទិញខ្ញុំផង អរគុណ មនុស្សអ្នកធ្វើ ទេវតាអ្នកមើល មនុស្សល្អទាំងអស់គ្នា ។