នៅរសៀលថ្ងៃទី២០ ខែកញ្ញា មុននេះបន្តិច លោក ហេង ឡុង បានប្រកាសជាផ្លូវការថា លោកនឹងសម្រេចបញ្ចប់ការប្ដឹងផ្ដល់ដល់ក្រុមយុវជនដែលបានជេរប្រមាថពូជសាសន៍​ខ្មែរ តាមការសំណូមពររបស់ឧកញ៉ាឡេង​ ណាវ៉ាត្រា។

ការប្រកាសនេះបន្ទាប់ពីឧកញ៉ា ឡេង ណាវ៉ាត្រា ស្នើឲ្យលោក ហេង ឡុង បញ្ចប់រឿង កុំប្តឹងផ្តល់វែងឆ្ងាយ ហើយចាត់ទុកថាការរាំនៅព្រលានគឺជាកំហុសឆ្គង និងជាបទពិសោធន៍ក្នុងការកែតម្រូវ។

ដោយ លោក ហេង ឡុង បានសរសេររៀបរាប់ក្នុងហ្វេសប៊ុករបស់លោកថា៖ “ខ្ញុំបាទសូមគោរពជម្រាបជូនបងប្អូនទាំងអស់មេត្តាជ្រាបថា បន្ទាប់ពីមានសំណូមពររបស់ប្អូនឡេងណាវ៉ាត់ត្រា ខ្ញុំបាទបានសម្រេចបញ្ចប់ការប្ដឹងផ្ដល់ លើករណីជេរប្រមាថពូជសាសន៍ខ្មែរមកលើក្រុមការងារយើងខ្ញុំ។ សង្ឃឹមថាការសម្រេចបែបនេះ ជាប្រការល្អមួយសម្រាប់ដោះស្រាយបញ្ហាដែលកើតឡើងដោយសន្តិវិធីរវាងខ្មែរ និងខ្មែរ។ ខ្ញុំបាទសង្ឃឹមថា បងប្អូននឹងមានការយោគយល់។ សូមអរគុណ!”។ 

តែទោះជាយ៉ាងណាក្តី ការបញ្ចប់ឈប់ប្តឹងផ្តល់នេះ ត្រូវបានមតិមហាជនមួយចំនួនគាំទ្រ និងមតិមួយចំនួនបន្តការរិះគន់ ហាក់ដូចពុំទាន់ស្ងប់ស្ងាត់អស់ចិត្តនៅឡេីយ។ 

សង្ឃឹមថា ប្រជាពលរដ្ឋខ្មែរនឹងយល់ដឹងពីបរិបទសង្គម នាំគ្នាក្រឡេកមករកប្រយោជន៍រួម ដេីម្បីសង្គមជាតិវិញ បេីអ្នកពិតជាស្រឡាញ់ខ្មែរប្រាកដមែន៕