ភ្នំពេញ​៖ ក្រុមហ៊ុន​ CHINT​ Group​ ដែលជាក្រុមហ៊ុនយក្សរបស់​ប្រទេស​ចិន​ គ្រោង​វិនិយោគ​បង្កើត​រោងចក្រ​ផលិត​ឧបករណ៍​ថាមពល​អគ្គិសនី​បន្ថែម​ទៀត​ ក្រៅពី​ការ​វិនិយោគ​វារីអគ្គិសនី​នៅ​តា​តៃ​ខេត្តកោះកុង​ដែល​ទទួល​បាន​ជោគជ័យ​។

លោក​ Nan​ Cunhui​ ប្រធាន​ក្រុមប្រឹក្សា​ភិបាល​នៃ​ក្រុមហ៊ុន​ CHINT​ Group​ នៅក្នុង​ជំនួប​ជាមួយ​សម្ដេច​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​នៅ​ថ្ងៃទី​ ១៨​ ខែកញ្ញា​ ឆ្នាំ​ ២០១៩​ នេះ​ បាន​លើកឡើង​នូវ​គម្រោង​វិនិយោគ​កសាង​រោងចក្រ​ផលិត​ឧបករណ៍​ដែល​បំរើ​ការ​ទៅលើ​វិស័យ​ថាមពល​ប្រកបដោយ​បច្ចេកវិទ្យា​ទំនើប​ ដូចជា​ត្រង់​ស្វូ​ បន្ទះ​សូ​ឡា​ និង​គ្រឿង​ឧប​ករណ៍​ផ្សេង​ៗទៀត​ដែល​សម្រាប់​ប្រើប្រាស់​នៅក្នុង​វិ​ស័យ​ថាមពល​ ដែល​នឹង​ជួយ​ថែរក្សា​ការ​ការពារ​នូវ​ការ​ប៉ះពាល់​បរិស្ថាន​ និង​ការសន្សំសំចៃ​ភ្លើង​ផង​ដែរ​។

លោក​បន្ត​ថា​ ​ក្រុមហ៊ុន​ CHINT​ Group​ បាន​វិនិយោគ​លើ​គម្រោង​វារី​អគ្គីស​នី​តា​តៃ​ខាងក្រោម​ដែល​បាន​ផលិត​អគ្គីស​នី​សម្រាប់​ប្រើប្រាស់​នៅក្នុង​ប្រទេស​ដោយ​ជោគជ័យ​។ ក្រុមហ៊ុន​ពេញចិត្ត​ក្នុង​ការ​បន្ត​វិនិយោគ​នៅ​កម្ពុជា​ ដោយ​បាន​លើក​សំណើ​គម្រោង​វិនិយោគ​វ៉ា​រី​អគ្គិសនី​តា​តៃ​ខាងលើ​ជម្រាប​ជូន​សម្តេច​តេជោ​។

ក្រុមហ៊ុន​មាន​ជំនឿ​ថា ​វា​នឹង​ផ្ដល់​ផល​ចំណេញ​យ៉ាងច្រើន​ ពីព្រោះ​គម្រោង​នេះ​គឺ​ប្រើប្រាស់​បណ្ដាញទឹក​តែមួយ​ហើយ​អាច​ប្រើ​បាន ២ប្រភព​ ដែល​នឹង​ជួយ​ឲ្យ​បំពេញ​តម្រូវការ​នៃ​ការប្រើ​ប្រាស់​អគ្គិសនី​នៅក្នុង​ប្រទេស​ដែល​កំពុង​ត្រូវការ​ចាំបាច់​ទាំង​សម្រាប់​ប្រជាពលរដ្ឋ​ និង​ពាណិជ្ជករ​ទូទៅ​។

សម្ដេច​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា​ បាន​ស្វាគមន៍​ និង​សាទរ​នូវ​គម្រោង​នេះ​ ដោយ​សម្ដេច​បាន​មានប្រសាសន៍​ថា​ នេះ​គឺជា​អត្ថ​ប្រយោជន៍​មួយ​សំខាន់​នៅក្នុង​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល​ ក្នុងចំណោម​យុទ្ធសាស្ត្រ​ទាំង៤​ ដែល​ក្នុង​នោះ​មាន​ ធនធានមនុស្ស​ ផ្លូវ​ ភ្លើង​ និង​ទឹក​ ដូច្នេះ​ការ​វិនិយោគ​ទៅលើ​វិស័យ​ថាមពល​អគ្គិសនី​ គឺជា​ការ​រួមចំណែក​យ៉ាង​សំខាន់​ក្នុង​ការអភិវឌ្ឍន៍​ប្រទេសជាតិ​ឲ្យ​កាន់តែ​រីកចម្រើន​ទៅមុខ​ទៀត​។

សម្តេច​តេជោ​ បាន​មានប្រសាសន៍​ថា​ បច្ចុប្បន្ន​នេះ​អគ្គិសនី​ត្រូវ​បាន​ធ្វើការ​ចែកចាយ​មិន​ត្រឹមតែ​ក្នុង​ទីក្រុង​ប៉ុណ្ណោះទេ​ គឺ​ត្រូវ​បាន​បម្រើ​ចែកចាយ​ដល់ទី​ជនបទ​ដាច់ស្រយាល​ផង​ដែរ​។ ស្រប​ពេល​ក្នុង​ការ​បណ្តាក់​ទុន​ជា​លើក​ទី២ នៅ​កម្ពុជា​ សម្ដេច​តេជោ​ បាន​ធ្វើការ​ណែនាំ​ដល់​ក្រុមហ៊ុន​មិន​ត្រូវ​មើលតែ​លទ្ធភាព​ទីផ្សារ​កម្ពុជា​ ដែល​មាន​មនុស្ស​ប្រមាណ​ ១៦លាន​នាក់​នោះ​ទេ​ គឺ​ត្រូវ​មើល​ទីផ្សារ​អាស៊ាន​ (ASEAN​ Market​) ទីផ្សារ​តំបន់​ ជាពិសេស​ក្នុង​កម្រោ​ងនៃ​កិច្ច​ព្រម​ព្រៀង​ថ្មី​ៗនោះ​ មានន័យថា​រាល់​ការ​វិនិយោគ​មិន​ត្រឹមតែ​បំរើ​នូវ​សេចក្តី​ត្រូវការ​របស់​ប្រជាជន​កម្ពុជា​ទេ​ គឺ​ត្រូវ​គិតទៅ​លើ​ការផលិត​ដើម្បី​ធ្វើការ​នាំចេញ​ទៅកាន់​ទីផ្សារ​ដទៃទៀត​ខាងក្រៅ​ផង​ដែរ​។

សម្ដេច​តេជោ​ បាន​គាំទ្រចំពោះ​គម្រោង​ដែល​ក្រុមហ៊ុន​ចិន​បាន​លើកឡើង​ និងបាន​ស្នើសុំ​អោយក្រុមហ៊ុន​ប្រទេស​ចិន​ទាំងអស់​បន្ត​វិនិយោគ​រួមចំណែក​អភិវឌ្ឍន៍​កម្ពុជា​ ហើយសម្តេច​តេជោ​ក៏បាន​ស្នើសុំ​អោយ​ភាគី​មិត្ត​ចិន​បើក​ទីផ្សារ​អោយ​បាន​ទូលាយ​ថែមទៀត​ សម្រាប់​នាំចូល​នូវ​ផលិតផល​កសិកម្ម​អោយ​បាន​កាន់តែ​ច្រើន​ពី​កម្ពុជា​។ ទន្ទឹម​នឹង​នោះ​ដែរ​ ដើម្បី​ជំរុញ​ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​ រាជរដ្ឋាភិបាល​កម្ពុជា​ នឹង​ស្នើសុំ​អោយ​មានការ​ចុះហត្ថលេខា​លើ​ កិច្ច​ព្រមព្រៀង​ទំនាក់ទំនង​ពាណិជ្ជកម្ម​សេរី​ ជាមួយ​ប្រទេស​ចិន​ ដើម្បី​ធានា​ដល់​បរិយាកាស​ល្អ​សម្រាប់​ក្រុមហ៊ុន​ចិន​ជាច្រើន​ទៀត​មក​វិនិយោគ​នៅ​កម្ពុជា​៕

LEAVE A REPLY

Please enter your comment!
Please enter your name here