Thursday, January 27, 2022
Homeព័ត៌មានសិល្បៈលោក ព្រាប សុវត្ថិ នឹងជម្រះបញ្ជីចុងឆ្នាំ២០២២នេះ

លោក ព្រាប សុវត្ថិ នឹងជម្រះបញ្ជីចុងឆ្នាំ២០២២នេះ

កំពូលតារាចម្រៀងព្រាប សុវត្ថិ ដែលត្រូវបានគេផ្គូផ្គងថាមានរលកក្រោយកំពុង​តាម​បោក​បក់ជិត១០ឆ្នាំមកហើយ​គឺ​លោកខេម ប៊ុនថៃ ហៅខេមរៈ សិរីមន្ដ នោះកន្លងមកធ្លាប់មាន​ការលើក​ឡើងថារយៈ៥ឆ្នាំមកនេះតារាទាំងពីរហាក់​មាន​ការ​ប្រកួតប្រជែងគ្នាខ្លាំងក្លា​រហូ​ត​ដល់​តម្លៃខ្លួនតារាទាំង២ត្រដមត្រសងគ្នាទៀតផងទើបធ្វើ​ឲ្យពិបាកបែងចែកថាមួយណាខ្លាំង​ឬ​ខ្សោ​យជាង។យ៉ាងណាអ្នកជំនាញសិល្បៈបានលើកឡើងថា១ឆ្នាំពេញគឺនៅឆ្នាំ២០២២ បើ​គ្មាន​កូវីដនោះទេព្រាប សុវត្ថិ -ខេម ប៊ុនថៃ នឹងអាចប្រជែងគ្នាអស់ពីសម្ថភាព​ហើយ​​អាច​កាត់សេចក្ដីបានថាមួយណាឈ្នះឬចាញ់​បានហើយ។ការលើកឡើង​បែប​នេះ​ដោយសារ​តែ​អំឡុងពេលដែលព្រាប សុវត្ថិ ចេញពីហង្សមាសចូលGalaxy រយៈពេលជាង១ឆ្នាំមកនេះ​កូវីដបានផ្ទុះរហូត​មកធ្វើឲ្យបណ្ដារConcertsធំៗទាំងឡាយនៅតាមបណ្ដារខេត្តត្រូវបានលុបចោល​ទាំងស្រុងទើបធ្វើឲ្យការចេញបទចម្រៀង​មិន​ដិតដល់ ខណៈដែលការសម្ដែងច្រៀង​លើឆាកស្ទើតែគ្មានសកម្មភាពទើបទាំងលោកស្នាយ និងប៊ុនថៃ បានងាកទៅរកស៊ីលក់​ដី​ឡូតិ៍​រៀងៗខ្លួន។អ្នកជំនាញសិល្បៈបានលើកឡើងថាឆ្នាំ២០២១ ព្រាប សុវត្ថិ-ខេមរៈ សិរីមន្ដ ឆា​ចោ​ល​ពោលគឺមិនអាច​វាយ​តម្លៃ​បានទេថាមួយណាលេខ១នោះ​បានទេព្រោះថាការប្រកួតមិនទាន់​ចាប់ផ្ដើមផង ម៉េចនឹងដឹងលទ្ធផលទៅ។ប៉ុន្ដែសម្រាប់​ឆ្នាំ​២០​២២​​នេះ ដោយសារតែកូវីដថម​ថយ​​​ទើបបណ្ដារកម្មវិធីប្រគុំតន្រ្ដីទាំងឡាយបានបើក​ឡើងវិញជាបណ្ដើរៗហើយហេតុ​នេះគេ​ជឿរ​ថាទាំងព្រាប សុវត្ថិ និងខេមរៈ សិរីមន្ដ ប្រាកដជាត្រៀមចេញវាយលុកទីផ្សារ​ចម្រៀង​ឡើង​វិញ​រៀងៗខ្លួនជាមិនខាន។

លោកគ្រូភ្លេង(Composer)ម្នាក់នៅហង្សមាសបានប្រាប់”នគរធំ”តាមទូរស័ព្ទកាលពីពេលថ្មីៗនេះថាតាមពិតព្រាប សុវត្ថិ ប្រៀ​ប​បានគ្រូរបស់ខេមរៈ សិរីមន្ដ អីចឹងព្រោះបទ​ពិសោធន៍​និងភាពល្បីល្បាញគឺមុនខេមរៈ សិរីមន្ដ។លោកថាតាមលោក​ចាំខេមរៈ សិរីមន្ដ ក៍ធ្លាប់យកបទ​ចម្រៀងរបស់ព្រាប សុវត្ថិ ទៅប្រលងដែរអីចឹងបានន័យថាលោកប៊ុនថៃ ទទួលស្គាល់ថាលោក​ស្នាយ ជាតារាល្បីមុនខ្លួនបាត់ទៅ​ហើយ។យ៉ាងណាលោកថារយៈ​ពេលចុង​ក្រោ​យ​​នេះ​ព្រាប សុវត្ថិ និងខេមរៈ សិរីមន្ដ ពិតជាត្រូវ​បាន​គេថាមានការស្វិតស្វាញ​គ្នាមែន​ព្រោះ​”រលកក្រោយ ច្រានរលកមុន”។តែលោកថានៅរដូវកូវីដនេះឃើញតារា​ទាំង២ដួង​ចេញ​មក​រកស៊ីលក់​ដី​ឡូតិ៍​ដូច​គ្នា អីចឹងបទចម្រៀងថ្មីៗមិនសូវមានទេ ប៉ុន្ដែចាប់ពីឆ្នាំ២០២២នេះតទៅ​គេ​អាចមើល​ដឹងថាព្រាប សុវត្ថិ ឬខេមរៈ សិរីមន្ដ មួយណាល្អជាងបានហើយបើសិន​ជា​Concerts បើក​ដូច​មុន​ហើយទាំងព្រាប សុវត្ថិ និងខេមរៈ សិរីមន្ដ ចេញ​ច្រៀងសម្ដែងពេញ​ទំហ៊ឹងដូចមុននោះ។

មិនខុសពីគ្រូភ្លេងខាងលើលើកឡើងនោះទេព្រោះឪពុកលោកខេមរៈ សិរីមន្ដ ក៍ធ្លាប់និ​យា​យ​ថាកូនប្រុសគាត់ចាត់ទុកព្រាប សុវត្ថិ ដូចជាគ្រូអីចឹង។ប៉ុន្ដែមជ្ឈដ្ឋាន​មហាជនមើល​ឃើញ​ថាអំឡុងពេលដែលព្រាប សុវត្ថិ -ខេមរៈ សិរីមន្ដ ជ្រកនៅទ្រនុំ​ហង្ស​មាសរួមគ្នានោះតារា​ទាំង២មានការកាច់កុងគ្នាខ្លាំងរហូតលេចឭថាព្រាប សុវត្ថិ ដើរចេញពីហង្សមាសចូល​Galaxy​ដោយ​សារ​តែ”ភ្នំ១ខ្លា២”នោះឯង។យ៉ាងណាអ្នកជំនាញសិល្បៈលោកនូ ស៊ឹប បានលើក​ឡើង​ថា​បច្ចុប្បន្ន​ព្រាប សុវត្ថិ នៅតែតារា​ប្រុស​ឈា​ន​​មុខគេម្នាក់ ហើយខេមរៈ សិរីមន្ដ មិនទាន់​អាច​វ៉ាព្រាប សុ​វត្ថិ បានទេគឺគ្រាន់តែឡើងកូដខ្លាំងក្រោយល្បីបទ”ពឺតៗ”នោះមក។

អ្នកគាំទ្រព្រាប សុវត្ថិ នៅតែនិយមស្ដាប់បទចម្រៀងរបស់លោក​នៅហង្សមាសច្រើន​ជាង​​Galaxy ហើយការដែលលោក​នៅបន្ដ​ចាប់ដៃតែជាមួយតារាចម្រៀងតន់ ច័ន្ទសីម៉ា ម្នាក់​នោះធ្វើឲ្យអតីតតារាចម្រៀងហង្សមាសរូបនេះពិបាករក្សារលំនឹងបាន បន្ទាប់​ពីមាស សុខ​សោភា និងពេជ្រ សោភា ដែលគេគិតថាជាដៃគូដ៍សាកសមជាមួយ​លោកនោះប្រកែក​ចូល​ផលិតកម្មថ្មីនេះ។អ្វីដែលគូរឲ្យកត់សម្គាល់នោះព្រាប សុវត្ថិ វ័យ៤៧ឆ្នាំទៅហើយនៅ​មិន​ទាន់​ច្បាស់ថាក្នុងចំណោមកូន​ប្រុសទាំង៣​របស់​លោកគឺ​សុវត្ថិ មុនីវណ្ណ,សុវត្ថិ មុនីនាគ និង​សុវត្ថិ សិរីវុឌ្ឍ នោះតើម្នាក់ណានឹងអាចស្នងលោកបាននាថ្ងៃអនាគត?

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -
Google search engine

Most Popular

Recent Comments