កោះកុង៖​ អ្នក​វិនិយោគ​ជាតិ​ អន្តរជាតិ​ជាច្រើន ​បាន​និង​កំពុងក្រឡេកទៅរកតំបន់​ត្រពាំងរូង​ ឃុំ​ត្រពាំងរូង​ ស្ថិត​ក្នុង​ស្រុក​កោះកុង​ ខេត្តកោះកុង​ ដែល​ជា​តំបន់​មាន​ភាព​អំណោយផល​បំផុត​លើ​វិស័យ​អេកូ​ទេសចរណ៍ ក្នុងគោលដៅគំរោង​វិនិយោគ​រមណីយដ្ឋាន​ទេសចរណ៍ដ៏ធំមួយប្រចាំតំបន់​​។

ជាមួយនឹង​ភាព​អំណោយផល​នៃ​ធនធាន​ធម្មជាតិ​ មាន​ព្រែក​ទឹក ដើមឈើ​ខៀវស្រងាត់​ និង​ទឹកជ្រោះ​ដ៏ស្រស់ស្អាតផងនោះ ​ បច្ចុប្បន្ន​នេះ​ក្រុម​អ្នក​វិនិយោគ​ជាតិ​ និង​អន្តរជាតិ​បាន​និង​កំពុង​សាងសង់​ផ្ទះសំណាក់​ ផ្ទះ​តង់​ និង​បឹង​ហ្កា​ឡូ​ជាច្រើន​ ដើម្បី​ជួល​ដល់​ភ្ញៀវ​ទេសចរណ៍​ជាតិ​ អន្តរជាតិ​ ពិសេស​ភ្ញៀវ​ទេសចរណ៍​មក​ពី​បណ្តា​ប្រទេស​ នៅក្នុង​សហគមន៍​អឺរ៉ុប​ ដែល​ចូលចិត្ត​ទស្សនា​ និង​កំសាន្ត​នៅ​តាម​រមណីយដ្ឋាន​ធម្មជាតិ​។

លោក​ ម៉ម​ សិរី​បញ្ញា​ អគ្គនាយក​ក្រុមហ៊ុន ​Easy​ Property​ Investment​ Co​, Ltd ​ដែល​កំពុង​វិនិយោគ​រមណីយដ្ឋាន​ឋានសួគ៌​ត្រពាំងរូង​ ស្ថិត​ក្នុង​ឃុំ​ត្រត​ពាំង​រូង ​លើ​ផ្ទៃដី​ជិត ៥ហិ​កតា​ បាន​ប្រាប់សារព័ត៌មានក្នុងស្រុកមួយ​ឲ្យដឹង​តាម​ទូរស័ព្ទ​ នា​ព្រឹក​ថ្ងៃទី១៧​ កញ្ញា ​នេះ​ថា​ តំបន់​ត្រពាំងរូង​ ស្ថិតនៅ​ក្នុង​តំបន់​ដែល​ក្រសួងទេសចរណ៍​រៀបចំ​ ជាគោល​ដៅ​ទេសចរណ៍​បែប​ធម្មជាតិ​  ហើយ​តំបន់​នេះ​មិន​ត្រឹមតែ​ល្បីល្បាញ​នា​ពេល​បច្ចុប្បន្ន​ប៉ុណ្ណោះទេ​ តែ​មាន​ភាព​ល្បីល្បាញ​តាំងពី​ដើម​ទសវត្សរ៍​ទី៥០​ ដោយសារ​អ្នក​និ​ពន្ឋ​សម័យ​ដើម​បាន​និ​ពន្ឋ​បទចម្រៀង​ “ដៃសមុទ្រ​ត្រពាំងរូង​” យ៉ាង​ពិរោះ​អន្លង់អន្លោច​ ដោយ​រៀបរាប់​ពី​ទិដ្ឋភាព​ និង​ភាព​ស្រស់​ត្រកាល​នៃ​តំបន់​ខាងលើ​នេះ​។

​លោក​បន្ត​ថា ​“តំបន់​ត្រពាំងរូង​ជា​តំបន់​ទេសចរណ៍​ធម្មជាតិ​ដ៏​ប្រណីត​ ជាក់ស្តែង​បច្ចុប្បន្ន​អ្នក​វិនិយោគ​ជាតិ​ អន្តរជាតិ​ជាច្រើន​បាន​ និង​កំពុង​ចូល​ទៅ​វិនិយោគ​លើ​រមណីយដ្ឋាន​កែច្នៃ​ជាច្រើន​ ដើម្បី​ប្រែក្លាយ​តំបន់​នេះ​ជា​ឋានសួគ៌​ធម្មជាតិ​មួយ​។ មិនត្រឹមតែប៉ុណ្ណោះ ​តំបន់នេះ​កំពុង​មាន​សក្តា​នុ​ពល​លើ​ផ្នែក​ភូមិ​សាស្រ្ត​ មាន​សក្តា​នុ​ពល​លើ​ធនធាន​ធម្មជាតិ​ និង​កំពុង​ទាក់ទាញ​ការ ​អ្នក​វិនិយោគ​កូរ៉េ​ បារាំង​ អាល្លឺម៉ង់ ​ជប៉ុន ​ជាដើម​”។

ជាមួយនឹង​លក្ខណៈ​អំណោយផល​ផ្នែក​ភូមិ​សាស្រ្ត​ តំបន់​ត្រពាំងរូង​ក៏​មាន​ទីតាំងនៅ​ជិត​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ ដែល​រួម​មា​នព្រ​លាន​យន្តហោះ​អន្តរជាតិ​ថ្មី​ក្នុង​ខេត្តកោះកុង​ គំរោង​លំនៅ​ដ្ឋាន​វិស្សមកាល​ គំរោង​សាងសង់​កំពង់ផែ​អន្តរជាតិ​ និង​គំរោង​វិនិយោគ​សេវាកម្ម​បដិសណ្ឋារ​កិច្ច​របស់​ក្រុមហ៊ុន​ Union​ Development​ Group​ ដែល​គ្រោង​បោះទុន ៤០០០​លាន​ដុល្លារ​នៅ​តំបន់​នេះ​។

ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​ លោកស្រី​ ឆាយ​ ស៊ីវ​លី​ន បាន​ថ្លែង​ថា៖​ ខេត្តកោះកុង​ ពិតជា​មាន​លក្ខណៈ​ពិសេស​ជាងគេ​ ក្នុងចំណោម​ខេត្ត​ដែល​ស្ថិតនៅ​ជាប់​តំបន់ឆ្នេរ​ ដោយសារតែ​ភាព​អំណោយផល​ និង​សក្តា​នុ​ពល​ នៃ​ធនធាន​ធម្មជាតិ​នៅក្នុង​ខេត្ត​នេះ​ ដែល​មិនទាន់​ទាញយ​កម​កប្រើប្រាស់​អស់​នៅឡើយ​។ លោកស្រី​បន្ត​ថា​ “តំបន់​តា​តៃ​ អណ្តូង​ទឹក​ ត្រពាំងរូង​ សុទ្ឋ​តែ​មាន​សក្តា​នុ​ពល​ក្នុង​ការរៀបចំ​ជា​តំបន់​ទេសចរណ៍​ធម្មជាតិ​ ដែល​បច្ចុប្បន្ន​ធនធាន​ធម្មជាតិ​ទាំងនោះ​ នៅ​មាន​លក្ខណៈ​ថ្មី​ មិនទាន់​មានការ​បំផ្លិច​បំផ្លាញ​នៅឡើយ​”។ លោក ​ជឹង​ សុ​ខម៉េ​ង អនុប្រធាន​សភា​ពាណិជ្ជកម្ម​ខេត្តកោះកុង​ និង​ជាស​មា​ជិ​កស​មា​គម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា​ ​បានឲ្យដឹង​ដែរ​ថា​ តំបន់​ត្រពាំងរូង​ជា​តំបន់​ដែល​មាន​ទឹកជ្រោះ​ ដងព្រែក​ដ៏​ស្រស់​ស្អាត​ និង​ព្រៃ​ព្រឹក្សា​ដ៏​ទាក់ទាញ​ ហើយ​អ្នក​វិ​និ​យោក​ក្នុង​ស្រុក​ និង​អន្តរជាតិ​បាន​និង​កំពុង​ចាប់​អា​រម្ម​ ណ៍​នៅ​តំបន់​នេះ​។ លោក​​បន្ត​ថា​ ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ ខេត្តកោះកុង​មានការ​អភិវឌ្ឍ​ច្រើន​ លើ​គំរោង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ តំបន់​សេដ្ឋកិច្ច​ពិសេស​ តំបន់​តារា​សាគរ​ ពិ​សេ​សព្រ​លាន​យន្តហោះ​ខេត្តកោះកុង​ថ្មី​ នឹង​បើក​ដំណើរការ​នៅ​ចុងឆ្នាំ​នេះ​ ហើយ​នៅ​ពេល​ព្រលាន​នេះ​បើក​ដំណើរការ​ ខេត្តកោះកុង​នឹង​មាន​ភាព​រីកចម្រើន​កាន់តែ​ខ្លាំង​ថែមទៀត​៕

LEAVE A REPLY

Please enter your comment!
Please enter your name here