អចលនទ្រព្យការរកទីតាំង

0
26

ខ្ញុំស្អប់ពាក្យថាទីតាំង ទីតាំង ទីតាំង ព្រោះខ្ញុំបានឃើញមនុស្សល្ងង់ជាច្រើននាក់បានបំផ្លាញ់ទីតាំងល្អៗ ឯមនុស្សពូកែៗមានបានពីទីតាំងដែលមិនល្អជាច្រើន។ បើអ្នកប្រគល់អាគារ Trump Tower ឲ្យទៅមនុស្សល្ងង់ណាម្នាក់នោះ គេនឹងធ្វើឲ្យវាដួលរលំបាន ខ្ញុំសូមធានា។ ប៉ុន្តែពេលដែលយើងនិយាយពីរឿងផ្ទះរបស់អ្នក អ្នកត្រូវជ្រើសរើសទីតាំងល្អៗ ហើយការព្រមចំណាយកាន់តែច្រើន ដើម្បីទទួលបានទីតាំងដ៏ល្អរមែងជារឿងដែលឆ្លាតជាងការចរចារដើម្បីទីតាំងមិនល្អ។

អ្នកត្រូវពិចារណាថា តើវានៅជិតកន្លែងធ្វើការបស់អ្នកដែលឬទេ? តើម្តុំផ្ទះរបស់អ្នកមានសុវត្ថិភាពដែរឬទេ? ឬតើអ្នកមានអារម្មណ៍ថាមានសុវត្ថិភាពដែរឬទេ ពេលដែលអ្នកចេញពីផ្ទះទៅណាមកណា? តើវានៅជិតភោជនីយដ្ឋានដែរ ហាងលក់ចាបហួយ​ ហាងលក់ទំនិញផ្សេងៗ នឹងធនាគារដែរឬទេ?

ខ្ញុំគឺជាមនុស្សដំបូងដែលបានទទួលស្គាល់ថា យើងគួរពិចារណាទីតាំងឲ្យមែនទែនពេលដែលមានបំណងវិនិយោគទុនលើអចលនទ្រព្យ។ ការជ្រើសរើសទីតាំងជាច្រើនលើកច្រើនសារកើតឡើងពីសញ្ជាតិញ្ញាណ ដូច្នេះអ្នកត្រូវតែជឿជាក់លើទីតំាងនោះ បើមិនដូច្នោះទេ ការវិនិយោគទុនរបស់អ្នកនឹងបរាជ័យ។ ចូរស្មោះត្រង់ចំពោះខ្លួនឯងថាអ្នកត្រូវមានទំនាក់ទំនងជាមួយនឹងទីតាំងដែលអ្នកជ្រើសរើសរហូតអស់មួយជីវិត។ បើអ្នកបានជួបផ្ទះ ឬ Apartment ឬការិយាល័យដែលអ្នកចូលចិត្ត ប៉ុន្តែអ្នកបែរជាត្រូវចំណាយពេលធ្វើដំណើរការកាន់តែច្រើនឡើងក្នុងមួយថ្ងៃៗ ឬមួយត្រូវចំណាយប្រាក់ច្រើនដើម្បីសេវាកម្មដឹកជញ្ជូនទំនិញ ឬសេវាកម្មផ្សេងៗ ឬពិបាកឲ្យមិត្តភក្តិបងប្អូនធ្វើដំណើរទៅរកអ្នកនោះ អ្នកត្រូវជ្រើសរើសទីតាំងផ្សេងហើយ។

ខ្ញុំដឹងច្បាស់ថាមិនមែនគ្រប់គ្នាអាចរស់នៅនឹងធ្វើការនៅក្នុង Trump Tower បានទេ (ប៉ុន្តែវាមានសេរីមង្គលចំពោះខ្ញុំខ្លាំងណាស់)​ ហើយបើអ្នកមានជម្រើសអ្នកគួរតែជ្រើសរើសយកទីតាំងដែលល្អសមរម្យសម្រាប់ខ្លួនឯង។ ទស្សនីយភាពជុំវិញនោះក៏សំខាន់ដែរ ខ្ញុំមិនដែលស្គាល់អ្នកណាដែលចង់ប្រើពេលវេលាដែលនៅសល់នៅក្នុងជីវិតទៅលើការសម្លឹងមើលឥដ្ឋខ្យល់ឬជញ្ជាំងទេ។ ដូច្នេះអ្នកត្រូវយកចិត្តទុកដាក់លើរឿង ទស្សនីយភាព ជាពិសេសប្រសិនបើអ្នកត្រូវចំណាយកាន់តែថ្លៃលើទស្សនីយភាពដែលវាអាចជាកន្លែងចតឡានទូលាយៗ សួនច្បារ ឬកន្លែងទំនេរដែលអាចផ្លាស់ប្តូរសភាពក្នុងពេលខាងមុខ។ នៅក្នុងទីក្រុងធំដូចជាក្រុងញូយ៉កនឹងមានអគារកើតឡើងមួយថ្ងៃមួយខ្នង ដូច្នេះចូរមើលឲ្យបានច្បាស់លាស់ជាមុនសិនថា តើទស្សនីភាពដែលអ្នកឃើញនៅក្នុងថ្ងៃនេះនឹងមិនប្តូរទៅជាអ្វីផ្សេងនៅក្នុងថ្ងៃស្អែក។

ពេលដែលអ្នកទិញអចលនទ្រព្យកេងកម្រៃ ឬវិនិយោគទុនលើកន្លែងដែលមិនមែនជាផ្ទះ ឬការិយាល័យរបស់អ្នក ខ្ញុំសូមណែនាំឲ្យអ្នករកមើលទីកន្លែងដែលមានតម្លៃថោកដែលអ្នកមានសមត្ថភាពអាចទិញឬជួលបាន បន្ទាប់មកអ្នកត្រូវរង់ចាំរហូតដល់ដីម្តុំនោះអភិវឌ្ឍន៍ ពេលនោះអ្នកនឹងបានសន្សំសំចៃទាំងពន្ឋនឹងមានឳកាសសាងភាពរីកចម្រើនឲ្យទីកន្លែងនោះ ហើយថែមទាំងមានឳកាសរកកម្រៃបានក្នុងរយៈពេលវែងទៀតផង។

បើអ្នកមានពេល មានចិត្តអត់ធ្មត់និងមានចិត្តមោះមុតនោះ ខ្ញុំសូមណែនាំឲ្យជ្រើសរើសទីកន្លែងដូចដែលបានរៀបរាប់ខាងលើ។ បើនិយាយទៅនៅពេលដែលខ្ញុំទិញដីនៅ West Site (ភាគខាងលិចរបស់ Manhattan) នរណាៗក៏គិតថាខ្ញុំឆ្កួតដែរ ប៉ុន្តែខ្ញុំបានពិសោធន៍ឲ្យពួកគេឃើញថាពួកគេគិតខុស ដោយខ្ញុំអភិវឌ្ឃន៍ដីម្តុំនោះឲ្យឡើងថ្លៃ។ សព្វថ្ងៃនេះ ដីនៅម្តុំនោះគឺជាកន្លែងដែលអ្នកណាៗក៏ត្រូវការបំផុតដែរ ហើយថែមទាំងមានតម្លៃបំផុតនៅក្នុងតំបន់ Manhattan ទាំងមូលទៀតផង។ ដកស្រង់ពី សៀវភៅ (គិតបែបសេដ្ឋី) សម្រួលដោយ ជា សុងហ៊ួ

LEAVE A REPLY

Please enter your comment!
Please enter your name here