ស្អាតកប់ហ្មង! ឆ្នេរភូមិនេសាទ ខេត្តកោះកុង ជាតំបន់លំហែកាយដ៏ទាក់ទាញសម្រាប់ទេសចរជាតិនឹងអន្តរជាតិ

0
132

បានទៅលេងម្តងហើយឬនៅ? ឆ្នេរភូមិនេសាទគឺជាតំបន់លំហែកាយមួយដែលមានសម្រស់ធម្មជាតិដ៏ស្រស់បំព្រង និងមានឆ្នេរសមុទ្រសម្រាប់ភ្ញៀវទេសចរងូតទឹក និងសំដិលកាយផងដែរ។នៅពេលបានមកដល់ឆ្នេរភូមិនេសាទហើយនោះភ្ញៀវទេសចរជាតិនិងអន្តរជាតិអាចទៅលេងនៅលើខ្សាច់សស្អាតមាន  ដើមដូងដុះខ្លះទេរខ្លះឈរនិងទស្សនាព្រះសុរិយាអស្តង្គត ពិសេសជាងនេះទៅទៀតយើងក៏អាចស្នាក់នៅ និងកុម្ម៉ង់អាហារ ភេសជ្ជៈផ្សេងៗញុំាជាលក្ខណៈគ្រួសារប្រកបទៅដោយភាពរ៉ូម៉ែនទិកនៅឆ្នេរភូមិនេសាទបានផងដែរ។   

ដោយសារតែនៅឆ្នេរភូមិនេសាទមាន លក្ខណៈអំណោយផលពីធម្មជាតិបូករួម នឹងការយល់ដឹងរបស់ប្រជាជនចូលរួមថែ រក្សាអនាម័យបរិស្ថានបានស្អាតផងនោះ បានធ្វើឲ្យឆ្នេរភូមិនេសាទកាន់តែមានសម្រស់ទ្វេឡើងបង្អួត ក្រសែភ្នែកភ្ញៀវទេសចរ។ ប្រសិនបើយើងសង្កេតមើលទៅឆ្នេរសមុទ្រនៅតំបន់ឆ្នេរភូមិនេសាទដែលមានប្រវែងអន្លាយវិញនោះឃើញមានភ្ញៀវទេសចរយ៉ាងច្រើនកុះករ  កំពុងតែនាំគ្នាងូតទឹកសមុទ្រលេងកម្សាន្តចំណែកនៅតាមមាត់សមុទ្រដែលមានឆ្នេរខ្សាច់ដ៏ស្អាតវិញនោះ ឃើញមានដើមដូងដុះទេរយ៉ាងច្រើនស្អេកស្កះគួរឲ្យចេតនា ក្រៃលែង។  

ប្រធានមន្ទីរទេសចរណ៍ខេត្តកោះកុងលោក ឃិន សានិត និយាយថា សម្រាប់ការធ្វើដំណើរទស្សនាចរណ៍របស់ លោក អ្នកមកកាន់តំបន់ឆ្នេរភូមិនេសាទនេះ គឺ ប្រាកដណាស់នឹងទទួលបាននូវភាពស្រស់ថ្លាសប្បាយរីករាយជាក់ជាមិនខានហើយអ្វីដែលវារឹតតែគួរឲ្យអស្ចារ្យសម្រាប់ចំណី ចក្ខុរបស់អ្នកទេសចរទៀតនោះគឺការគយគន់ទេសភាពរួមនៃតំបន់ឆ្នេរភូមិនេសាទនេះតែម្តង។ លោកនិយាយបន្តថា ក្រោម បរិយាកាសដ៏សែនមនោរម្យដែលប្រមូល ផ្តុំដោយធម្មជាតិបែបនេះ គេសង្កេតឃើញពីមួយថ្ងៃទៅមួយថ្ងៃតែងតែមានអ្នកទេសចរជាក្រុមៗ មានទាំងជនបរទេសផងដែរ បានទៅលេងកម្សាន្តនិងស្រូបយកខ្យល់អាកាសដ៏បរិសុទ្ធនៅឆ្នេរភូមិនេសាទនេះ មិនដែលដាច់។

លោក ឃិន សានិត និយាយឲ្យដឹងបន្ថែមថាតំបន់ឆ្នេរភូមិនេសាទបន្ទាប់ពីមានទឹកសមុទ្រស្អាត ឆ្នេរខ្សាច់ល្អ រួមទាំងបរិស្ថានធម្មជាតិស្រស់បំព្រងនោះក៏មានបម្រើជូននូវសេវាកម្មកំសាន្តផ្សេងៗយ៉ាងសម្បូរបែប រួមទាំងម្ហូបអាហារមានទាំងបែបខ្មែរ និងអឺរ៉ុប ព្រមជាមួយនឹងការស្នាក់នៅក្នុងផ្ទះសំណាក់ ប្រកប ដោយផាសុកភាពផងដែរដែលបានធ្វើឲ្យដំណើរកម្សាន្តរបស់លោកអ្នកមកកាន់ឆ្នេរភូមិនេសាទនេះមានភាពងាយស្រួលនិងមានកម្រងអនុស្សាវរីយ៍មិនអាចបំភ្លេច បានឡើយ។

តាមការបញ្ជាក់របស់លោក ឃិន សានិត ឲ្យដឹងទៀតថា ដើម្បីបានស្គាល់ និងបាន សប្បាយនោះលោកអ្នកគួរតែជ្រើសរើស យកដំណើរកម្សាន្តទៅតាមក្រុមហ៊ុនទួរឬក៏ធ្វើដំណើរទៅលេងនៅតំបន់ទេសចរណ៍ឆ្នេរភូមិនាសាទនាខេត្តកោះកុងដោយ  មធ្យោបាយរថយន្តផ្ទាល់ខ្លួនជាមួយក្រុមគ្រួសារ ឬមិត្តភក្តិ យើងសង្ឃឹម និងជឿជាក់ ថា ប្រាកដជាបានជ្រះថ្លាអារម្មណ៍បង្កើតបាននូវភាពស្និទ្ធស្នាលទ្វេឡើងជាក់ជាមិនខានឡើយ។ លោក ឃិន សានិត បញ្ជាក់ ឲ្យដឹងបន្តទៀតថា តំបន់ទេសចរណ៍ឆ្នេរ   ភូមិនេសាទស្ថិតនៅក្នុងទឹកដីភូមិនេសាទ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុងដែលមានចម្ងាយប្រមាណ១០   គីឡូម៉ែត្រពីផ្លូវក្រាលកៅស៊ូតែប៉ុណ្ណោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here