កុំស្រលាញ់នរណាម្នាក់ដើម្បីឌឺដងអ្នកចាស់

101

(ស្នេហា)៖​ ក្នុងទំនាក់ទំនងស្នេហាមនុស្សពីរនាក់បើរស់នៅជាមួយគ្នា សេពគប់ជាមួយគ្នាហើយមានចំណុចខុសគ្នាមិនចុះសម្រុងនឹងគ្នាចុងក្រោយជៀសមិនផុតពីចែកផ្លូវគ្នាដើរនោះទេ។ រហូតមានអ្នកខ្លះ គូខ្លះឈានដល់ថ្នាក់រៀបការជាមួយគ្នាហើយ ចុងក្រោយដោយសារតែការរស់នៅមិនចុះសម្រុងនឹងគ្នា ក៏ចែកផ្លូវគ្នាទៀតក៏មាន។

ដោយឡែកបច្ចុប្បន្ននេះយើងសង្កេតឃើញថាយុវវ័យយើងមួយចំនួនធំបាននឹងកំពុងតែប្រឡូកក្នុងរឿងស្នេហាទាំងខ្លួនឯងនៅក្មេងវ័យមិនទាន់ទាំងចេះរកលុយចាយខ្លួនឯងផងក៏ចេះមានស្នេហាអូនបងទៅហើយ។

ទាក់ទងនឹងរឿងស្នេហានេះផងដែរ អ្នកខ្លះបែកគ្នាពីសង្សារចាស់ហើយទៅមានអ្នកថ្មី យកអ្នកថ្មីដើម្បីឌឺដងអ្នកចាស់ ធ្វើរាល់សកម្មភាពជាមួយសង្សារថ្មីចង់បង្ហាញទៅសង្សារចាស់ថាសង្សារថ្មីខ្លួនគ្រាន់បើជាងគេ ចង់បង្ហាញគេថាសង្សារថ្មីខ្លួនស្រលាញ់ខ្លួនខ្លាំងមិនដូចសង្សារចាស់ជាដើម។

តើការធ្វើបែបនេះវាជាស្នេហាពិតឬក៏គ្រាន់តែយកគេមកឌឺសង្សារចាស់? បើអ្នកកំពុងតែធ្វើបែបនេះគួរតែឈប់ទៅ វាមិនល្អទេ ហើយបើអាចក៏មិនត្រូវតាមដានចង់ដឹងចង់ឮអ្វីពីសង្សារចាស់អ្នកទៀតដែរ វាជាទង្វើរដែលធ្វើខុសខ្លាំងចំពោះសង្សារថ្មីអ្នក បើគេដឹងគេច្បាស់ជាអន់ចិត្តនឹងអ្នកតែពេលខ្លះគ្រាន់តែគេមិននិយាយតែប៉ុណ្ណោះ។ ម៉្យាងវិញទៀតបើអ្នកគិតតែរវល់នឹងតាមដានរឿងគេច្រើនពេកនោះអ្នកនឹងគ្មានក្តីសុខនោះទេ យល់ល្អយកពេលវេលានេះខំសាងខ្លួនឲ្យល្អជាមួយអ្នកថ្មី ខិតខំធ្វើការ​ រកស៊ីឲ្យមានលុយច្រើន​ មានឡានជិះ​​ មានផ្ទះនៅដោយខ្លួនឯង នោះទើបជារឿងដែលអ្នកត្រូវតែគិតនឹងខ្វាយខ្វល់។